(ឡុងដ៍)៖ កីឡាបាល់ទាត់ជាច្រើនរយនាក់បានរាយការណ៍ថា ពួកគេធ្លាប់ទទួលរងការរំលោភបំពានផ្លូវភេទក្នុងអំឡុងអាយុចាប់ពី១១ ទៅ ១៥ឆ្នាំ កាលនៅលេងក្នុងក្លឹបរបស់ចក្រភពអង់គ្លេស។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន BBC នៅយប់ថ្ងៃព្រហស្បតិ៍ ទី០១ ខែធ្នូ ឆ្នាំ២០១៦។

បើយោងតាមទីបញ្ជាការប៉ូលិសជាតិអង់គ្លេស កីឡាករបាល់ទាត់ប្រហែល៣៥០នាក់បានសារភាពថា ពួកគេធ្លាប់ជាជនរងគ្រោះនៃការ «រំលោភបំពានលើកុមារ» កាលពីលេងនៅក្នុងក្លឹបបាល់ទាត់របស់ចក្រភពអង់គ្លេស។ ក្រោយពេលដែលអតីតកីឡាករបាល់ទាត់មួយចំនួនបានចេញមុខ ធ្វើការចោទប្រកាន់អំពីករណីនេះប្រឆាំង នឹងគ្រូបង្វឹករបស់ពួកគេ។

ទន្ទឹមនឹងនេះសហព័ន្ធបាល់ទាត់អន្តរជាតិ និងកងកម្លាំងប៉ូលិសអង់គ្លេសចំនួន១៥អង្គភាពក៏បានរួមសហការគ្នា បើកការស៊ើបអង្កេតជុំវិញបញ្ហារំលោភបំពានលើកុមារ នៅក្នុងវិស័យកីឡាបាល់ទាត់នៅចក្រភពអង់គ្លេសនេះផងដែរ។

ជាមួយគ្នានេះដែរ កីឡាករបាល់ទាត់ដ៏ទៃទៀតដែលធ្លាប់រងគ្រោះ ដោយសារការរំលោភបំពានផ្លូវភេទលើកុមារ ត្រូវបានជំរុញ និងលើកទឹកចិត្តឲ្យបន្តរាយការណ៍ ទៅកាន់មន្រ្តីប៉ូលិស ទោះបីជាវាបានកន្លងផុតទៅជាយូរណាស់មកហើយប៉ុណ្ណាក្តី ហើយសេចក្តីរាយការណ៍ទាំងនោះ នឹងទទួលបានការឆ្លើយតបយ៉ាងយកចិត្តទុកដាក់ និងម៉ត់ចត់ជាទីបំផុត ហើយអ្នកដែលមានព័ត៌មានទាក់ទងនឹងបញ្ហានេះគួរតែផ្តល់ឲ្យប៉ូលិសបានដឹងបន្ថែមកាន់តែល្អ។

គួរបញ្ជាក់ថា នាពេលថ្មីៗនេះអតីតកីឡាករបាល់ទាត់របស់ក្លឹបនៅក្នុងចក្រភពអង់គ្លេស បានសម្រចចិត្តចេញមុខម្តងមួយៗ ដើម្បីថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មានថា កាលពីពេលដែលនៅលេងក្នុងក្លឹបបាល់ទាត់យុវជនរបស់អង់គ្លេស ពួកគេធ្លាប់បានទទួលរងការរំលោភបំពានអស់ជាច្រើនឆ្នាំ នៅក្រោមថ្វីដៃដ៏ឥតកេរ្តិ៍ខ្មាស់ របស់គ្រូបង្វឹករបស់ខ្លួន ហើយកាលនោះពួកគេបានស៊ូទ្រាំខាំមាត់សង្កត់ចិត្តជាខ្លាំងត្បិតខ្លាចបាត់បង់អាជីព៕