(មូស្គូ)៖ ប្រទេសរុស្ស៊ីរំពឹងថារដ្ឋាភិបាលថ្មីរបស់លោក ដូណាល់ ត្រាំ ដែលជាអនាគតប្រធានាធិបតីអាមេរិកថ្មី នឹងមិនដើរតាមកំហុស​ពីអតីតកាលបង្កឡើងដោយ​រដ្ឋាភិបាលជំនាន់មុនៗ ដែលបានបំផ្លាញទំនាក់ទំនង​រុស្ស៊ី-អាមេរិកនោះឡើយ។ នេះបើតាមសម្តីរបស់មន្រ្តីរដ្ឋាភិបាលរុស្ស៊ី ដែលបានចេញផ្សាយដោយ​សារព័ត៌មានចិនស៊ិនហួរ នៅមុននេះបន្តិចនាល្ងាចថ្ងៃព្រហស្បតិ៍ ទី០១ ខែធ្នូ ឆ្នាំ២០១៦។

ថ្លែងនៅក្នុងបទសម្ភាសន៍មួយ រដ្ឋមន្រ្តីក្រសួងការបរទេសរុស្ស៊ីបានបង្ហាញពីក្តីសង្ឃឹមថាកិច្ចសហប្រតិបត្តិការ​ជាមួយប្រធានាធិបតីអាមេរិកថ្មី នឹងទទួលបានផ្លែផ្កាច្រើនជាងមុន ដោយលោក ស៊ីហ្គៃ ឡារ៉ូវ បានលើក​ឡើងថា «ពួកយើងជឿជាក់ថាដំណោះស្រាយ ដ៏មានប្រសិទ្ធភាពសម្រាប់បញ្ហាចម្បងសំខាន់ៗ និងការរក្សា​ស្ថិរភាពក៏ដូចជាសន្តិសុខយុទ្ធសាស្រ្ត អាស្រ័យទៅលើប្រទេសរុស្ស៊ី និងសហរដ្ឋអាមេរិកផ្ទាល់ហើយភាគី​ទាំងសងខាងនឹងត្រូវតែបង្កើនកិច្ចខិតខំប្រឹងប្រែង ដើម្បីយកពុះពារឆ្លងកាត់ផលវិបាកដ៏គ្រោះថ្នាក់បំផុត​ដែលបន្សល់ទុកពីគោលនយោបាយប្រឆាំងនឹងរុស្ស៊ី របស់រដ្ឋបាលលោក បារ៉ាក់ អូបាម៉ា»។

លោក ស៊ីហ្គៃ ឡារ៉ូវ បានបន្ថែមថា «បើយោងតាមលោកប្រធានាធិបតី វ៉្លាឌីមៀ ពូទីន ពួកយើងបានត្រៀម​ខ្លួន​រួចជាស្រេចដើម្បីចូលរួមសហការ ស្តារទំនាក់ទំនងរវាងរុស្ស៊ី និងអាមេរិក​ឲ្យមានស្ថិរភាពឡើងវិញ ហើយប្រសិនបើអាមេរិកមានបំណងដូចគ្នានោះ យើងប្រាកដក្នុងចិត្តណាស់ថានឹងអាចសម្រេចបាន​ចេញជាសមិទ្ធផលណាមួយជាក់ជាមិនខាន»។

គួរបញ្ជាក់ដែរថា ទំនាក់ទំនងប្រទេសរុស្ស៊ីបានធ្លាក់ចុះដុនដាបដោយសារតែបញ្ហាវិបត្តិនៅប្រទេសអ៊ុយក្រែន ហើយទីក្រុងវ៉ាស៊ីនតោន និងសហភាពអ៊ឺរ៉ុប បានរួមគ្នាដាក់ទណ្ឌកម្មប្រឆាំងនឹង​រដ្ឋាភិបាលទីក្រុងមូស្គូ ដើម្បីព្រមានចំពោះកាល​ដែលប្រទេសរុស្ស៊ីបានដណ្តើម យកតំបន់គ្រីមាមកធ្វើជារបស់ខ្លួនហើយជាការ​ឆ្លើយតបទៅវិញ រុស្ស៊ីបានកាត់បន្ថយការនាំចូលពីប្រទេស​ដែលបានដាក់ទណ្ឌកម្មមកលើខ្លួនរួមមាន​សហរដ្ឋអាមេរិក សមាជិកសហភាពអឺរ៉ុបមួយចំនួន កាណា អូស្រ្តាលី និងន័រវេស៕