(យូអិន)៖ មន្រ្តីបេសកម្មកូរ៉េខាងជើងទៅកាន់អង្គការសហប្រជាជាតិ (UN)​បានទាត់ចោលនូវដំណោះស្រាយ​នៃការដាក់ទណ្ឌកម្មថ្មីចុងក្រោយគេបង្អស់មកលើប្រទេសកុម្មុយនិស្តមួយនេះ ដោយសម្អាងលើហេតុផលថា​វាជា «ការរើសអើង» ហើយ «អយុត្តិធម៌» ជាទីបំផុត និងបានឆ្លៀតឱកាសធ្វើការបញ្ជាក់ជាដដែលៗ អំពីការអះអាងរបស់រដ្ឋាភិបាលទីក្រុងព្យុងយ៉ាងថា កម្មវីធីនុយក្លេអ៊ែររបស់ខ្លួនគឺសម្រាប់តែការពារខ្លួន​តែប៉ុណ្ណោះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានកូរ៉េខាងត្បូង យុនហ៉ាប់ នៅមុននេះបន្តិច​នាព្រឹកថ្ងៃព្រហស្បតិ៍​ ទី០១ ខែធ្នូ ឆ្នាំ២០១៦។

«យើងមិនទទួលស្គាល់ដាច់ខាតចំពោះដំណោះស្រាយ ដែលពោរពេញទៅដោយការរើសអើង និងភាព​អយុត្តិធម៌ ហើយមានស្តង់ដាពីរនេះឡើយ»។ នេះជាសម្តីរបស់មន្រ្តីទូតមួយរូបតំណាងប្រទេសកូរ៉េខាងជើង ដែលបានថ្លែងនៅក្នុងទីស្នាក់ការកណ្តាលនៃអង្គការសហប្រជាជាតិ នៅក្រោយពេលដែលក្រុមប្រឹក្សា​សន្តិសុខ ​បានសម្រេចជារួមក្នុងការដាក់ទណ្ឌកម្ម សំដៅឧ្ទប់ដង្ហើមសេដ្ឋកិច្ច ដែលនឹងកាត់បន្ថយប្រាក់ចំណូល​របស់របបដឹកនាំទីក្រុងព្យុងយ៉ាង ដើម្បីជាការឆ្លើយតបទៅនឹងការបំផ្ទុះគ្រាប់នុយក្លេអ៊ែរជាលើកទីប្រាំ​ កាលពីដើមខែកញ្ញាកន្លងទៅ របស់ប្រទេសដ៏រឹងទទឹងមួយនេះ។

ទន្ទឹមគ្នានេះដែរ មន្រ្តីទូតកូរ៉េខាងជើងដដែលបានបន្ថែមថា «យើងនៅតែប្រកាន់គោលជំហរដូចដើមមិន​ផ្លាស់ប្តូរឡើយ ហើយបញ្ហានៅឧបទ្វីបកូរ៉េសព្វថ្ងៃនេះ មានដើមចមយ៉ាងច្បាស់លាស់ ហើយដោះស្រាយ​នៃការដាក់ទណ្ឌកម្មថ្មីនេះ មិនត្រូវបានបង្កើតឡើងដើម្បីកត់សម្គាល់ទៅលើបញ្ហានេះឡើយ។ ម៉្យាងវិញទៀតគ្រប់ទង្វើរបស់យើងគឺធ្វើឡើង ក្នុងគោលបំណងការពារខ្លួនពីសត្រូវ និងដើម្បីការរស់រាន្តមានជីវិតតែប៉ុណ្ណោះ ដោយមិនបានប៉ុនប៉ងបង្កការគំរាមកំហែង ដល់ប្រទេសដទៃនោះឡើយ»

គួរបញ្ជាក់ថាតាំងពីដើមមកប្រទេសកូរ៉េខាងជើងបានចោទប្រកាន់ថា «គោលនយោបាយឈ្លានពាន» របស់សហរដ្ឋអាមេរិក គឺជាមូលហេតុចម្បងដែលបានបង្ខំឲ្យខ្លួនបង្កើត និងនៅបន្តអភិវឌ្ឍន៍កម្មវិធី​នុយកេ្លអ៊ែរ​ឥតឈប់ឈរបែបនេះ។ ដោយឡែកចំពោះការដាក់ទណ្ឌកម្មថ្មីបំផុតរបស់ UN វិញ គឺធ្វើឡើងសំដៅ​ដាក់កម្រិតទៅលើវិស័យនាំចេញធ្យូងថ្ម របស់របបដឹកនាំទីក្រុងព្យុងយ៉ាង ដែលនឹងកាត់បន្ថយប្រាក់ចំណូល​ប្រចាំឆ្នាំដែលកូរ៉េខាងជើងរកបានពីវិស័យនេះប្រមាណជា ៨០០លានដុល្លារ៕