(បាងកក)៖ ពលទាហានម្នាក់បានស្លាប់ និងបីនាក់ផ្សេងទៀតបានទទួលរងរបួស នៅក្នុងហេតុការណ៍​បំផ្ទុះគ្រាប់បែកកែច្នៃនៅស្រុកមួង នៃខេត្តយ៉ាឡា ភាគខាងត្បូងប្រទេសថៃ។ នេះបើតាមការចេញផ្សាយ​​ដោយសារព័ត៌មាន Bangkok Post នៅមុននេះបន្តិចនាព្រឹកថ្ងៃពុធ ទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៦។

គ្រាប់បែកចំនួនមួយគ្រាប់ដែលបានផ្ទុះឡើងនៅវេលាម៉ោង ៥៖២០នាទីទៀបភ្លឺ (ម៉ោងក្នុងទីក្រុងបាងកក) ត្រូវបានផលិតក្នុងទម្រង់ជាធុងហ្គាសមួយដែលមានទម្ងន់ពី ២០ ទៅ​លើដងផ្លូវវិថីដែលស្ថិត​នៅក្បែរប៉ុស្តិ៍ត្រួតពិនិត្យ Sapan Dam ក្នុងស្រុកមួង ហើយនៅពេលដែលនាយទាហានបួននាក់ បានជិះម៉ូតូធ្វើដំណើរឆ្លងកាត់ចំនុចនោះដើម្បី​ឆ្ពោះទៅកាន់ប៉ុស្តិ៍ត្រួតពិនិត្យគ្រាប់បែកកែច្នៃមួយគ្រាប់នោះ ក៏ត្រូវបានបំផ្ទុះពីចម្ងាយដោយប្រព័ន្ធវិទ្យុទាក់ទង និងបានស្លាប់ពលទាហានម្នាក់ខណៈបីនាក់ទៀតរងរបួស។

គួរបញ្ជាក់ថាពួកក្រុមបះបោរផ្តាច់ខ្លួននៅភាគខាងត្បូងនៃប្រទេសថៃបានបង្កចលាចល និងការភ័យខ្លាចយ៉ាង​ខ្លាំង​ដល់ប្រជាជនក៏ដូចជាភ្ញៀវទេសចរ ដោយពួកនេះតែងបានធ្វើការវាយ​ប្រហារដោយបំផ្ទុះ​គ្រាប់បែកជា​បន្តបន្ទាប់ ដែលបានសម្លាប់មនុស្សជាច្រើននាក់ និងបណ្តាលឲ្យមានអ្នករងរបួសខ្ទង់រយនាក់​ថែមទៀតផង ហើយទោះបីជាបច្ចុប្បន្នសន្តិសុខនៅតាមតំបន់នោះ ត្រូវបានរឹតបន្តឹងយ៉ាង​ណាក៏ដោយក៏ការវាយប្រហារ​​នៅតែអាចកើតមានឡើងបានដដែល៕