(កូឡុំប៊ី)៖ អាជ្ញាធរកូឡុំប៊ី បានរកឃើញហើយនូវ ប្រអប់ខ្មៅទំាងពីរនៃយន្ដហោះដឹកកីឡាករក្លឹបបាល់ទាត់ ប្រេស៊ីល Chapecoense ដែលបានធ្លាក់នៅថ្ងៃអង្គារ ម្សិលមិញ នៅឯតំបន់ភ្នំ ក្បែរទីក្រុង Medellin ប្រទេសកូឡុំប៊ី ខណៈចំនួនអ្នកស្លាប់ត្រូវបានគេបញ្ជាក់ជាលើកចុងក្រោយថាមានចំនួន៧១នាក់ (មិនមែន ៧៥នាក់នោះទេ) រីឯ៦នាក់ផ្សេងទៀតនៅរស់រាន្តមានជីវិត (រងរបួស) សរុបទាំងអស់មនុស្សនៅលើយន្តហោះ៧៧នាក់។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Channel News Asia នៅថ្ងៃពុធ ទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៦។

ជាមួយគ្នានោះដែរ អាជ្ញាធរប្រេស៊ីល កាលពីថ្ងៃអង្គារ ក៏បានប្រកាសកាន់ទុក្ខរយៈពេលបីថ្ងៃ នៅទូទំាងប្រទេសដល់ជងរងគ្រោះស្លាប់បាត់បង់ជីវិត នៅលើយន្តហោះ ដែលផ្ទុកមនុស្សទាំងអស់៧៧នាក់។ ក្រុមអាជ្ញាធរបានប្រកាសឲ្យដឹងថា ដំបូងឡើងយន្តហោះដឹកក្រុមកីឡាករ បាល់ទាត់ប្រេស៊ីល មានគោលដៅហោះហើរទៅកាន់ប្រទេសកូឡុំប៊ី ដើម្បីចូលរួមប្រកួតបាល់ទាត់វគ្គផ្ដាច់ព្រ័ត នៃពានរង្វាន់ South America 2016។ ក៏ប៉ុន្តែជាអកុសល ដោយសារតែអាកាសធាតុមិនល្អ រួមបញ្ហាបច្ចេកទេសខ្លះផង បានធ្វើឱ្យយន្ដហោះនេះជួបគ្រោះថ្នាក់ ហើយការប្រកួតនេះក៏ត្រូវបានលុបចោល។

ក្រុមអាជ្ញាធរបាន និងកំពុងធ្វើការស៊ើបអង្កេតទៅលើប្រអប់ខ្មៅ ដែលពួកគេបានរកឃើញដើម្បីកំណត់ឱ្យច្បាស់លាស់ពីមូលហេតុធ្លាក់ ស្របពេលអ្នកនៅរស់រាន្តមានជីវិតទាំង៦នាក់ ខាងលើត្រូវបានគេបញ្ជាក់អត្តសញ្ញាណ មានកីឡាករក្លឹប Chapecoense បីនាក់គឺ Alan Ruschel, Jackson Follmann និង Hélio Neto ព្រមទំាងអ្នកសារព័ត៌មាន លោក Rafael Valmorbida, អ្នកបច្ចេកទេសពីររូប គឺលោក Ximena Suarez និង លោក Erwin Tumiri៕