(កូឡុំប៊ី)៖ នៅវេលាម៉ោង៥ល្ងាច ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៦ ម៉ោងនៅកូឡុំប៊ី ត្រូវនឹងវេលាពេលព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា នៅកម្ពុជា យន្តហោះដឹកក្រុមកីឡាករ Chapecoense តាមជើងហោះហើរ LaMia Airlines Flight 2933 ហោះចេញពីប្រទេសប្រេស៊ីល ធ្វើដំណើរត្រង់ទៅប្រទេសកូឡុំប៊ី បានឧបទ្ទវហេតុធ្លាក់នៅតំបន់ភ្នំ ក្បែរទីក្រុង Medellin ប្រទេសកូឡុំប៊ី ដោយសារបញ្ហាបច្ចេកទេស និងអាកាសធាតុមិនល្អ។ នៅលើយន្តហោះនោះមានមនុស្សទាំងអស់៨១នាក់ (៧២នាក់ជាអ្នកដំណើរ និង៩នាក់ជាសហសេវិក)។

អាជ្ញាធរបានប្រកាសឲ្យដឹងថា ដំបូងឡើងយន្តហោះដឹកក្រុមកីឡាករបាល់ទាត់ប្រេស៊ីល ទៅកាន់ប្រទេសកូឡុំប៊ី ដែលកំពុងហោះហើរក៏បានបាត់ចេញពីប្រព័ន្ធរាដា នៅក្នុងដែនអាកាស របស់ប្រទេសកូឡុំប៊ី ក្រោយពីតាមដានដឹងច្បាស់អាជ្ញាធរបានបញ្ជាក់ថា យន្តហោះដែលបាត់ពីប្រព័ន្ធរាដានោះ បានធ្លាក់នៅក្បែរទីក្រុង Medellin របស់កូឡុំប៊ី។

ក្រុមសង្គ្រោះបានចេញបំពេញប្រតិបត្តិការនៅកន្លែងកើតហេតុ ដែលស្ថិតនៅក្បែរទីក្រុង Medellin នោះ បន្ទាប់ពីទទួលដំណឹងធ្លាក់ ដោយសារបញ្ហាបច្ចេកទេស និងអាកាសធាតុមិនល្អ។ ពេលទៅដល់កន្លែងកើតហេតុក្រុមជួយសង្គ្រោះបានរកឃើញមនុស្សនៅរស់រាន្តមានជីវិត ក៏បានបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗ។​

បន្ទាប់ពីបានជួយសង្គ្រោះអស់ជាច្រើនម៉ោង មន្រ្តីប៉ូលិសកូឡុំប៊ីផ្ទាល់បានបញ្ជាក់អះអាងថា មានមនុស្សដល់ទៅ៧៦នាក់ ក្នុងចំណោមមនុស្សដែល ស្ថិតនៅលើ យន្តហោះសរុបចំនួន៨១នាក់ បានស្លាប់បាត់បង់ជីវិត ខណៈ០៥នាក់រងរបួសធ្ងន់កំពុងស្ថិតនៅ ឯមន្ទីរពេទ្យក្នុងតំបន់ដើម្បីសង្គ្រោះបន្ទាន់ ហើយក្នុងចំណោម មនុស្ស៥នាក់ដែលរងរបួសនោះមាន៣នាក់ជាកីឡាករ នេះបើតាមការចេញ​ផ្សាយដោយសារព័ត៌មាន BBC នាល្ងាចថ្ងៃអង្គារ ទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៦។

ក្រុមហ៊ុនអាកាសចរណ៍ស៊ីវិល របស់កូឡុំប៊ី បានចេញមកបញ្ជាក់ថា នៅលើយន្តហោះដែលធ្លាក់នោះមានមនុស្សទាំង៨១នាក់ ដោយក្នុងនោះមានអ្នកដំណើរ៧២នាក់ និងសហសេវិកចំនួន៩នាក់។

យន្តហោះខាងលើនេះ បានធ្វើដំណើរពីប្រទេសប្រេស៊ីល សំដៅទៅអាកាសយានដ្ឋាន Medellin នៃប្រទេសកូឡុំប៊ី ដែលនៅលើនោះដឹកក្រុមកីឡាករបាល់ទាត់ឈ្មោះ Chapecoense ទៅចូលរួមលេង​ក្នុងកម្មវិធីប្រកួត Copa Sudamerica វគ្គបញ្ចប់ជាមួយនឹងក្រុម Atletico Nacional នៅទីក្រុង Medellin នៃប្រទេសកូឡុំប៊ី ដែលគ្រោងប្រារព្ធ​ឡើងនៅថ្ងៃពុធសប្តាហ៍នេះ។

ការប្រកួតបាល់ទាត់ដណើមពានរង្វាន់ South America 2016 ត្រូវបានប្រកាសពន្យារពេលភ្លាមៗ ដោយសារតែក្រុមត្រូវប្រកួត គឺក្លឹប Champecoense ជួបគ្រោះអកុសលធ្លាក់យន្តនៅក្នុងប្រទេសកូឡុំប៊ី លើទឹកដីត្រូវប្រកួតវគ្គផ្តាច់ព្រ័ត្រ ដែលគ្រោងនឹងធ្វើឡើងនៅរាត្រីថ្ងៃពុធ ទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៦។ ក្រុមមកពី ប្រេស៊ីល Chapecoense ត្រូវធ្វើការប្រកួតវគ្គ ផ្តាច់ព្រ័ត្រ ដើម្បីដណ្តើមយកពានប្រចាំ តំបន់អាមេរិកឡាទីន Copa Sudamericana 2016 ទល់នឹងក្រុម Atletico Nacional នៅទីក្រុង Medellin នៃប្រទេសកូឡុំប៊ី។ ការប្រកួតត្រូវបានប្រកាសពន្យាពេលសិន។

ប្រវត្តិសំខាន់ៗ របស់អតីតក្រុមជើងខ្លាំង Chapecoense មុនធ្លាក់យន្តហោះនៅកូឡុំប៊ី៖

ក្រុមបាល់ទាត់អាជីព Chapecoense មានអាយុកាល៤៣ឆ្នាំមកហើយ ចាប់តាំងពីបានបង្កើតឡើងដំបូង នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ១៩៧៣ ដែលមានពហុកីឡដ្ឋានឈ្មោះថា Arena Conda ផ្ទុកមនុស្សបានចំនួន ២៦០០០នាក់ ស្ថិតទីក្រុង Chapeco នៃរដ្ឋ Santa Catarina ប្រទេសប្រេស៊ីល ដោយមានលោក Sandro Pallaoro ជាប្រធានក្លឹប និងលោក Caio Junior ជាគ្រូបង្វឹកបង្គោល។

តាមរយៈគេហទំព័រ Wikileak និងសារព័ត៌មាននានាបានចុះផ្សាយថា ក្លឹប Chapecoense ជាជើងខ្លាំងដែលកំពុងលេង ក្នុងក្របខណ្ឌកំពូលប្រេស៊ីល Serie A ក្នុងចំណោមទាំង ២០ក្រុមខ្លាំងផ្សេងទៀត ដែលឈរនៅលេខរៀងទី៩ ក្នុងតារាង បណ្តោះអាសន្នក្នុងរដូវកាលឆ្នាំ២០១៦-២០១៧ នេះ រកបាន៥២ពិន្ទុ ឆ្លងកាត់៣៧ប្រកួត ឈ្នះ១៣ ស្មើ១៣ និងចាញ់១១ដង តែមិនធ្លាប់លើកពានធំប្រចាំប្រទេសប្រេស៊ីលមួយនេះទេ តែធ្លាប់បានឈ្នះពានផ្សេងៗ បានចំនួន ១០ដងដែរ។

ក្លឹប Chapecoense បានកើតឡើងមកលេងក្នុងក្របខណ្ឌកំពូលប្រេស៊ីលលើកដំបូង ចាប់តាំងពីឆ្នាំ១៩៧៩ និងឆ្នាំ២០១៤ មុនពេលក្លឹបមួយនេះបាន បើកទំព័រប្រវត្តិសាស្រ្តថ្មី ក្នុងឆ្នាំ២០១៦ នេះ តាមរយៈឡើងមកដល់វគ្គផ្តាច់ព្រ័ត្រ នៃពានរង្វាន់ប្រចាំតំបន់អាមេរិកឡាទីន Copa Sudamericana 2016 បន្ទាប់ពីបានយកឈ្នះគូប្រជែង San Lorenzo de Almagro ដើម្បីឡើងទៅជួបក្រុម Atletico Nacional នៅវគ្គផ្តាច់ព្រ័ត្រ ដណ្តើមយកពាន Copa Sudamericana 2016 ដែលនឹងប្រកួតនៅថ្ងៃពុធ ទី៣០ ខែវិច្ឆិកាស្អែកនេះ។

តែរឿងដែលនឹកស្មានមិនដល់ និងគ្រោះអកុសលបានកើតឡើងចំពោះក្រុម Chapecoense ដោយឧបទ្ទវហេតុធ្លាក់យន្តហោះនៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ នៅតំបន់ភ្នំ ក្បែរទីក្រុង Medellin ប្រទេសកូឡុំប៊ី តាមជើងហោះហើរ LaMia Airlines Flight 2933 ហោះចេញពីប្រទេសប្រេស៊ីល ធ្វើដំណើរត្រង់ទៅ ប្រទេសកូឡុំប៊ីតែម្តង។ ហេតុការណ៍ធ្លាក់យន្តហោះ​នោះបានសម្លាប់​មនុស្ស៧៦នាក់ និងរងរបួសចំនួន៥នាក់កំពុងស្ថិតនៅក្នុងមន្ទីរពេទ្យ ដោយក្នុង៥នាក់ដែល​រងរបួសនោះមាន ៣នាក់ជាកីឡាករ៕