(កូឡុំប៊ី)៖ មន្រ្តីប៉ូលិសកូឡុំប៊ីផ្ទាល់បានបញ្ជាក់អះអាងថា មនុស្សដល់ទៅ៧៦នាក់ ក្នុងចំណោមមនុស្សដែល ស្ថិតនៅលើយន្តហោះសរុបចំនួន៨១នាក់ បានស្លាប់បាត់បង់ជីវិត ខណៈ០៥នាក់រងរបួសធ្ងន់កំពុងស្ថិតនៅឯមន្ទីរពេទ្យក្នុងតំបន់ដើម្បីសង្គ្រោះបន្ទាន់ នេះបើតាមការចេញ​ផ្សាយដោយសារព័ត៌មាន BBC នៅមុននេះបន្តិចនាល្ងាចថ្ងៃអង្គារ ទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៦។

យោងតាមសារព័ត៌មានអន្តរជាតិធំៗបានបន្តចេញផ្សាយ Update ឲ្យដឹងនៅមុននេះបន្តិចថា ក្រុមហ៊ុនអាកាសចរណ៍ស៊ីវិលរបស់កូឡុំប៊ី បានចេញមកបញ្ជាក់ថា នៅលើយន្តហោះដែល​ធ្លាក់នោះមានមនុស្សទាំង៨១នាក់ ដោយក្នុងនោះមានអ្នកដំណើរ៧២នាក់ និងសហសេវិកចំនួន៩នាក់។

សូមជំរាបថា យន្តហោះខាងលើនេះ បានធ្វើដំណើរពីប្រទេសប្រេស៊ីល សំដៅទៅអាកាសយានដ្ឋាន Medellin នៃប្រទេសកូឡុំប៊ី ដែលនៅលើនោះដឹក ក្រុមកីឡាករបាល់ទាត់ឈ្មោះ Chapecoense ទៅចូលរួមលេង​ក្នុងកម្មវិធីប្រកួត Copa Sudamerica វគ្គបញ្ចប់ជាមួយនឹងក្រុម Atletico Nacional នៅទីក្រុង Medellin នៃប្រទេសកូឡុំប៊ី ដែលគ្រោងប្រារព្ធ​ឡើងនៅថ្ងៃពុធ សប្តាហ៍នេះ៕