(ម៉ានីល)៖ កងការពាររបស់លោក រ៉ូឌ្រីហ្គោ ឌូធើតេ ចំនួន០៧នាក់នៃក្រុមការពារសន្តិសុខប្រធានាធិបតី​ហ្វីលីពីន (PSG) និងនាយទាហានចំនួនពីរនាក់ផ្សេងទៀត បានទទួលរងរបួសធ្ងន់ នៅក្នុងការវាយឆ្មក់របស់​ក្រុមសកម្មប្រយុទ្ធ នាព្រឹកថ្ងៃអង្គារនេះក្នុងទីក្រុង Marawi នៅមួយថ្ងៃមុនការបំពេញទស្សនកិច្ចផ្លូវការរបស់​លោកប្រធានាធិបតី ឌូធើតេ ទៅកាន់ទីនោះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួរ នៅមុននេះបន្តិចនារសៀលថ្ងៃអង្គារ ទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៦។

ប្រធានាធិបតីហ្វីលីពីន លោក រ៉ូឌ្រីហ្គោ ឌូធើតេ បានប្រកាសនៅថ្ងៃចន្ទម្សិលមិញថា លោកនឹងអញ្ជើញទៅ​បំពេញទស្សនកិច្ចនៅឯទីក្រុង Marawi ក្នុងគោលបំណងចុះ ទៅសួរសុខទុក្ខកងទ័ពនៅទីនោះចំពោះមុខ​យុទ្ធនាការដ៏ស្វិតស្វាញរបស់រដ្ឋាភិបាល ដែលកំពុងបន្តប្រព្រឹត្តទៅដើម្បីប្រឆាំងនឹងក្រុមសកម្មប្រយុទ្ធ Maute ដែលបានដណ្តើមកាន់កាប់តំបន់មួយចំនួននៃក្រុង Butig នៃខេត្ត Lanao del Sur កាលពីចុង​សប្តាហ៍មុនដោយលោក ឌូធើតេ ត្រូវរំពឹងថាមកធ្វើដំណើរទៅកាន់ទីក្រុង Marawi នៅថ្ងៃពុធ ទី៣០ ស្អែកនេះ។

បើយោងតាមរដ្ឋមន្រ្តីការពារជាតិ ហ្វីលីពីនលោក Delfin Lorenzana គេពុំទាន់ដឹងច្បាស់​នៅឡើយទេថា ការឆ្មក់វាយប្រហារខាងលើត្រូវបានធ្វើឡើងសំដៅលើ លោកប្រធានាធិបតី រ៉ូឌ្រីហ្គោ ឌូធើតេ ឬយ៉ាងណានោះ ដោយហេតុថា ក្រុមសកម្មប្រយុទ្ធ Maute ប្រហែលជាអាចភ័ន្តច្រឡំក្រុមការពារ​ប្រធានាធិបតី ជាមួយនឹងកងកម្លាំងជំនួយរបស់រដ្ឋាភិបាល នៅក្នុងយុទ្ធនាការយោធាប្រឆាំងនឹងក្រុមដែល​គាំទ្រពួករដ្ឋអ៊ីស្លាម ISIS នេះ៕