(រ៉ង់ហ្គូន)៖ គ្រាប់បែកចំនួនបួនគ្រាប់ដែលជាប្រភេទកែច្នៃ ត្រូវបានកងកម្លាំងសន្តិសុខ រកឃើញនៅក្នុងច្រក​ចូល​ទី១ នៃព្រលានយន្តហោះអន្តរជាតិទីក្រុងរ៉ង់ហ្គូន នៃសហភាពមីយ៉ាន់ម៉ា ដែលជាសំណាងល្អណាស់​វាត្រូវបានរក​​ឃើញមុនការផ្ទុះ ហើយក៏ត្រូវបានដោះចេញដោយសុវត្ថិភាពផងដែរ។ នេះបើតាមការចេញ​ផ្សាយ​ដោយទីភ្នាក់ងារព័ត៌មានចិនស៊ិនហួរ នៅមុននេះបន្តិច​នារសៀលថ្ងៃអង្គារ ទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៦។

គ្រាប់បែកកែច្នៃក្នុងស្រុកទាំងបួនគ្រាប់ខាងលើ ត្រូវបានច្រកក្នុងថង់ប្លាស្ទិកពណ៌បៃតងមួ​នៅលើតុក្បែរ​កន្លែងលក់សំបុត្រយន្តហោះនៃច្រកផ្លូវ​ចេញ-ចូលលេខ១ ហើយមកដល់ពេលនេះ​អាកាសយានដ្ឋាន​អន្តរជាតិ​ទីក្រុងរ៉ង់ហ្គូន ដែលធំជាងគេបំផុតនៅក្នុងប្រទេសមីយ៉ានម៉ា បានដំណើរការធម្មតាវិញហើយ ខណៈមន្រ្តីជំនាញកំពុង​បើកការស៊ើបអង្កេតទៅលើករណីនេះ។

គួរបញ្ជាក់ដែរ ប្រទេសមីយ៉ាន់សព្វថ្ងៃនេះ កំពុងតែប្រឈមនឹងការវាយប្រហារ​ដោយពួកសកម្មប្រយុទ្ធ នៅតាមតំបន់ព្រំដែនភាគខាងជើងជាប់​នឹងប្រទេសចិន ហើយនៅក្នុងរដ្ឋធានីរ៉ង់ហ្គូន​នាពេលថ្មីៗនេះ​ក៏ធ្លាប់បានទទួលរងការ​បំផ្ទុះគ្រាប់បែក​ជាច្រើនលើក​មកហើយផងដែរ៕