(កូឡុំប៊ី)៖ យោងតាមសារព័ត៌មានអន្តរជាតិធំៗបានបន្តចេញផ្សាយ Update ឲ្យដឹងនៅមុននេះបន្តិចថា ក្រុមហ៊ុនអាកាសចរណ៍ស៊ីវិល របស់កូឡុំប៊ី បានចេញមកបញ្ជាក់ថា នៅលើយន្តហោះដែលធ្លាក់នោះមានមនុស្សទាំង៨១នាក់ ដោយក្នុងនោះមានអ្នកដំណើរ៧២នាក់ និងសហសេវិកចំនួន៩នាក់។

អាជ្ញាធរកូឡុំប៊ីអះអាងថា យន្តហោះដឹកក្រុមកីឡាករប្រេស៊ីល បានធ្លាក់នៅក្បែរទីក្រុង Medellin ប្រទេសកូឡុំប៊ី នេះបើយោងតាមសារព័ត៌មានអន្តរជាតិធំៗចេញផ្សាយ Update ឲ្យដឹងមុននេះបន្តិច។

យន្តហោះដឹកក្រុមកីឡាករ​បាល់ទាត់ប្រេស៊ីល ដែលបានបាត់ដំណឹងក្នុង ដែនអាកាសកូឡុំប៊ីនោះ ត្រូវបានអាជ្ញាធរកូឡុំប៊ីបញ្ជាក់ថា​ បានធ្លាក់បាត់ទៅហើយ ប៉ុន្តែសម្រាប់ជោគវាសនាអ្នកជិះនៅលើនោះទាំង ៧២នាក់ នៅមិនទាន់មានការបញ្ជាក់ឡើយ។ នេះបើតាមសារព័ត៌មាន AP ដែលបានចេញផ្សាយនៅក្នុងថ្ងៃអង្គារ ទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ។

យន្តហោះខាងលើនេះ បានធ្វើដំណើរពីប្រទេសប្រេស៊ីលសំដៅទៅ អាកាសយានដ្ឋាន Medellin នៃប្រទេសកូឡុំប៊ី ដែលនៅលើនោះដឹកក្រុមកីឡាករបាល់ទាត់ឈ្មោះ Chapecoense ទៅចូលរួមលេង​ក្នុងកម្មវិធីប្រកួត Copa Sudamerica វគ្គបញ្ចប់ជាមួយនឹងក្រុម Atletico Nacional នៅទីក្រុង Medellin នៃប្រទេសកូឡុំប៊ី ដែលគ្រោងប្រារព្ធឡើងនៅថ្ងៃពុធ សប្តាហ៍នេះ។

ខណៈពេលនេះក្រុមសង្គ្រោះកូឡុំប៊ី កំពុងតែត្រូវបានគេបញ្ជូនទៅកន្លែងកើតហេតុ ដែលមិនទាន់មានការ​បញ្ជាក់ថា នៅទីតាំងណាឲ្យប្រាកដនោះឡើយ ដោយសារហេតុការណ៍បានកើតមានឡើងបន្ទាន់ពេក៕