(ប៉េកំាង)៖ ស្ថានីយ៍ទូរទស្សន៍រដ្ឋចិន CCTV បានរាយការណ៍ថា នៅព្រឹកថ្ងៃអង្គារ ទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៦ នេះថា ប្រធានាធិបតីចិន លោក ស៊ី ជិនពីង នឹងធ្វើ ដំណើរទៅកាន់ស្ថានទូតគុយបា ប្រចាំទីក្រុងប៉េកាំងនៅថ្ងៃអង្គារនេះ ដើម្បីចូលរួមគោរពវិញ្ញាណក្ខន្ធ​ដល់អតីតប្រធានាធិបតីគុយបា លោក ហ្វីឌែល កាស្ត្រូ ដែលបានទទួលមរណៈភាពកាលពីថ្ងៃសុក្រ (ម៉ោងនៅក្នុង ប្រទេសគុយបា) ក្នុងវ័យ៩០ឆ្នាំ។

ប្រធានាធិបតីចិនក៏បានផ្ញើសាររំលែកទុក្ខរួចហើយដែរ បន្ទាប់ពីទទួលបានដំណឹងមរណៈភាព​របស់​លោក កាស្ត្រូ។ ដោយឡែកនៅថ្ងៃអង្គារនេះដែរមេដឹកនាំកូរ៉េខាងជើង លោកគីម ជុងអ៊ុន ក៏បានធ្វើដំណើរទៅ​គោរពវិញ្ញាណក្ខន្ធលោក កាស្ត្រូ នៅស្ថានទូតគុយបាប្រចាំទីក្រុងព្យុងយ៉ាង។

គួរបញ្ជាក់ជំរាបថាឈរលើជំហរប្រឆាំងនឹងគោលនយោបាយសហរដ្ឋអាមេរិក នៅអំឡុងសម័យសង្រ្កាម​ត្រជាក់គេអាចនិយាយបានថាគុយបា និងចិនគឺជាសម្ព័ន្ធមិត្តដ៏ជិតស្និត ក៏ប៉ុន្តែលើសពីទីក្រុងប៉េកាំងរបបដឹកនាំ​ទីក្រុងព្យុងយ៉ាង​បានប្រកាសកាន់ទុក្ខលោក កាស្ត្រូ រយៈពេលបីថ្ងៃទូទាំងប្រទេស ដោយចាប់ផ្ដើមកាលពីថ្ងៃចន្ទសប្តាហ៍នេះ៕