(បាងកក)៖ រដ្ឋសភានៃប្រទេសថៃត្រូវបានគេរំពឹងទុកថា នឹងយាងព្រះអង្គម្ចាស់ មហា វ៉ាចរ៉ាឡុងកន មកគ្រងរាជ្យសម្បត្តិ ក្លាយជាព្រះមហាក្សត្រថ្មី របស់ប្រទេសថៃ នៅក្នុងថ្ងៃអង្គារ៍នេះតែម្តង ដែលវាបានកើត​មានឡើងតែជាងមួយខែប៉ុណ្ណោះ បន្ទាប់ពីព្រះបាទ ភូមិបុល អាប់ឌុលយ៉ាដេត បានសោយទិវង្គតកាលពី​ថ្ងៃទី១៣ ខែតុលា។ នេះបើតាមការផ្សាយរបស់ Reuters ដកស្រង់ដោយសារព័ត៌មាន Channel News Asia នៅមុននេះបន្តិច នាព្រឹកថ្ងៃអង្គារ ទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៦។

ការប្រកាសយាងព្រះអង្គម្ចាស់ វ៉ាចរ៉ាឡុងកន ភ្លាមៗនៅថ្ងៃអង្គារនេះ នឹងធ្វើឲ្យប្រជាជាតិថៃទាំងមូលមានការ​ព្រួយបារម្ភថាព្រះមហាក្សត្រថ្មីនេះ នឹងមិនអាចឡើងគ្រងរាជ្យសម្បត្តិទាន់កាលកំណត់ នៅថ្ងៃទី០១ ខែធ្នូ ខាងមុខនេះឡើយ ខណៈដែលព្រះអង្គម្ចាស់ពេលនេះកំពុងស្ថិតនៅក្នុងប្រទេសអាល្លឺម៉ង់នៅឡើយ។ ជុំវិញបញ្ហានេះលោក ប្រាយុទ្ធ ចាន់អូចា នាយករដ្ឋមន្ត្រីថៃធ្លាប់បានលើកឡើងថា ព្រះអង្គម្ចាស់បានស្នើមក​កាន់លោកឲ្យពន្យាពេលនៃការឡើងស្នងរាជ្យសម្បត្តិ ដោយសារកំពុងស្ថិតនៅក្នុងអំឡុងពេលកាន់ទុក្ខ។

គួរបញ្ជាក់ថា ព្រះអង្គម្ចាស់ មហា វ៉ាចរ៉ាឡុងកន មិនដែលថ្លែងសារអ្វីឡើយជាសាធារណៈចាប់តាំងពីព្រះបិតា​របស់ព្រះអង្គសោយព្រះទិវង្គតនោះ ដោយគំរោងការណ៍ និងកិច្ចការជាតិនានាជាបន្ទុករបស់រដ្ឋាភិបាល​ដែលគ្រប់គ្រងទាំងស្រុងដោយនាយករដ្ឋមន្ត្រី លោក ប្រាយុទ្ធ ចាន់អូចា។ ទោះបីជាបែបនេះក្តីព្រះអង្គម្ចាស់​ធ្លាប់បានផ្តល់ព័ត៌មានមកថា ព្រះអង្គនឹងយាងត្រឡប់មកពីអាល្លឺម៉ង់វិញនៅចុងសប្តាហ៍នេះ ហើយបើពិតមែននោះ វានឹងហួសថ្ងៃទី០១ ខែធ្នូ ជាថ្ងៃកំណត់នៃការឡើងស្នងរាជ្យនោះហើយ។

បន្ថែមពីនេះសមាជិករដ្ឋសភាថៃមួយរូប បានថ្លែងប្រាប់ Reuters ដោយសុំមិនបញ្ចេញឈ្មោះថា «ថ្ងៃនេះយើងកំពុងតែរង់ចាំរដ្ឋាភិបាល បញ្ជូនលិខិតទៅកាន់រដ្ឋសភា។ យើងរំពឹងថា វានឹងសម្រេចបាន​តាមពេលកំណត់ទៅចុះ»។ ការបញ្ជូននេះ គឺដើម្បីទទួលបានការអនុញ្ញាតពីរដ្ឋសភា ទើបធ្វើការយាង​ព្រះអង្គម្ចាស់ មហា វ៉ាចរ៉ាឡុងកន ត្រឡប់មកប្រទេសថៃវិញជាផ្លូវការ៕