(វ៉ាស៊ីនតោន)៖ អនាគតប្រធានាធិបតីសហរដ្ឋអាមេរិកទី៤៥ លោក ដូណាល់ ត្រាំ បានសរសេរនៅលើ Twitter នៅថ្ងៃចន្ទ នេះថា លោកអាចនឹងលុបចោលកិច្ចព្រមព្រៀងរបស់សហរដ្ឋអាមេរិក ជាមួយនឹងគុយបា បើសិនជាប្រទេសដែនកោះមួយនេះ មិនបានធ្វើអ្វីល្អណាមួយទេនោះ។ នេះបើតាមការចុះផ្សាយដោយសារ ព័ត៌មាន Reuters នៅយប់ថ្ងៃចន្ទ ទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៦។

លោក ដូណាល់ ​ត្រាំ បានលើកឡើងដូច្នេះថា «បើសិនជាគុយបា មិនបានឬមិនចង់ធ្វើឱ្យប្រសើរឡើងនូវកិច្ច ព្រមព្រៀងសម្រាប់ប្រជាជនគុយបា ពលរដ្ឋអាមេរិកដើមកំណើតគុយបា ឬក៏សម្រាប់សហរដ្ឋអាមេរិកទំាងមូល ទេនោះ ខ្ញុំនឹងលុបចោលកិច្ចព្រមព្រៀង ភ្លាម»

ការលើកឡើងបែបនេះរបស់លោកត្រាំ ធ្វើឡើងតែមួយថ្ងៃប៉ុណ្ណោះ នៅបន្ទាប់ពីលោកបានធ្វើអត្ថាធិប្បាយមួយចំនួន កាលពីថ្ងៃអាទិត្យ ជុំវិញមរណៈភាពនៃអតីតមេដឹក នាំ គុយបា លោក ហ្វីឌែល កាស្រ្តូ ដោយលោកផ្ទាល់បានហៅលោក កាស្ត្រូ ថា «ជនផ្ដាច់ការឃោរឃៅ» និងថែមទាំងបានសន្យាថា រដ្ឋាភិបាលអាមេរិកថ្មីក្រោមការ ដឹកនាំរបស់លោក នឹងធ្វើអ្វីគ្រប់យ៉ាងតាមដែលអាចធ្វើទៅបានដើម្បី លើកម្ពស់សេរីភាព និងវិបុលភាពរបស់ប្រជាជនគុយបា។

ចំណែកប្រធានាធិបតីវេណេស៊ុយអេឡា លោក នីកូឡាស់ ម៉ាឌូរ៉ូ បានថ្លែងថា គោលនយោបាយរបស់ រដ្ឋាភិបាលទីក្រុង វ៉ាស៊ីនតោន គឺជាមូលហេតុដែលនំា ឱ្យប្រជាជនអាមេរិកខ្លួនឯងបាក់បែកផ្ទៃក្នុង និងស្អប់ខ្ពើម គ្នាទៅវិញទៅមក។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik​ នៅថ្ងៃអាទិត្យ ទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៦។

គួរបញ្ជាក់ថា ទំនាក់ទំនងការទូតរវាងសហរដ្ឋអាមេរិក និងគុយបា ត្រូវបានផ្សាភ្ជាប់គ្នាឡើងវិញកាលពី ឆ្នាំ២០១៥ ក្រោមរដ្ឋាភិបាលអាមេរិកដឹកនាំដោយលោក បារ៉ាក់ អូបាម៉ា៕