(កំពង់ស្ពឺ)៖ កម្លាំងនគរបាលស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ បានឃាត់ខ្លួនជនសង្ស័យម្នាក់ ដែលជាមុខសញ្ញាចាស់ទើបចេញពីពន្ធនាគារ រឿងចែកចាយ និងប្រើប្រាស់គ្រឿងញៀន​ មកលួច​កាច់កម៉ូតូ១គ្រឿង បានសម្រេចតែអកុសល ពេលជិះទៅបុកក្មេងជួលម៉ូតូ​ ក៏ត្រូវឃាត់ខ្លួនតែម្ដង។​ ហេតុការណ៍នេះ កើតឡើងនៅរសៀលថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ នៅចំណុចមុខ​សាលារៀនវត្តអង្គមេត្រី ភូមិអង្គមេត្រី ឃុំរលាំងគ្រើល ស្រុកសំរោងទង។

មន្ដ្រីនគរបាលមូលដ្ឋាន បានឲ្យដឹងថា ជនសង្ស័យឈ្មោះ ជា សំអាត អាយុ៣៧ឆ្នាំ បានធ្វើសកម្មភាពកាច់កម៉ូតូ មួយគ្រឿងម៉ាក Honda Dream C125 ឆ្នាំ២០១៥ ជាកម្មសិទិ្ធរបស់ឈ្មោះ បូ បញ្ញា អាយុ២២ឆ្នាំ មុខរបរជាជាងបិតតែមម៉ូតូ ក្រោយពីកាច់កបានសម្រេច ជនសង្ស័យបានជិះគេចខ្លួន ប៉ុន្ដែអកុសលជិះបុកជនសង្ស័យជិះម៉ូតូបុកក្មេង ស្រាប់តែពេលនោះ ប្រជាការពារ និងកម្លាំងនគរបាលប៉ុស្ដិ៍រលាំងគ្រើល ឃាត់ខ្លួនតែម្ដង។

ក្រោយឃាត់ខ្លួនជនសង្ស័យត្រូវបានបញ្ជូនទៅសួរនាំ ដើម្បីកសាងសំណុំរឿងចាត់ការបន្ដ៕