(អាមេរិក)៖ ដោយសារតែបញ្ហាបចេ្ចកទេសពីសំណាក់ក្រុមហ៊ុនផ្តត់ផ្គង់ខ្សែកាបទូរទស្សន៍ ទស្សនិកជនប៉ុស្តិ៍ CNN ទាំងអស់នៅក្នុងទីក្រុង Boston រដ្ឋ Massachusetts សហរដ្ឋអាមេរិកនាឱកាសថ្ងៃបុណ្យ នៃ​ការដឹងគុណ (Thanksgiving Day) បានទស្សនាផ្ទាំងទស្សនីយ៍ភាពដ៏ក្តៅសាច់មួយ នៅពេលដែលស្ថានីយ៍​ទូរទស្សន៍ដ៏ធំជាងគេនៅអាមេរិកមួយនេះ បានបញ្ចាំងរឿងអាសអាភាសដល់ទៅកន្លះម៉ោងជំនួសឲ្យ​កម្មវិធី​បង្ហាញមុខម្ហូបទៅវិញ។ នេះបើតាមការដកស្រង់ការចេញផ្សាយ ដោយសារព័ត៌មានរុស្ស៊ី Sputnik នៅរសៀលថ្ងៃចន្ទ ទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៦។

បើយោងតាមអ្នកប្រើប្រាស់បណ្តាញសង្គម Twitter បណ្តាប្រិយមិត្តរបស់ស្ថានីយ៍ទូរទស្សន៍ CNN នៅក្នុងទីក្រុង Boston បានស្ថិតនៅក្នុងរាត្រីដ៏រំភើបប្លែក អស់រយៈពេល៣០នាទី ដោយសារតែកំហុស​បច្ចេកទេស ដែលបង្កឡើងដោយក្រុមហ៊ុនទូរទស្សន៍ខ្សែកាប RCN នៅក្នុងតំបន់ «កើតហេតុ» នៅលើលេខរៀង Channel (ប៉ុស្តិ៍) របស់ CNN ជំនួសឲ្យកម្មវិធីឈ្មោះ «Anthony Bourdain: Parts Unknown» ដែលជាកម្មវិធីទូរទស្សន៍​បង្ហាញអំពីមុខម្ហូប និងដំណើរទេសចរណ៍ដ៏ល្បីនៅអាមេរិកនោះ បានបែរជាបញ្ចាំងឈុត​អាសអាភាសស្តែងៗ​អស់រយៈពេលកន្លះ​ម៉ោងទៅវិញ។

គួរបញ្ជាក់ថា ស្ថានីយ៍ទូរទស្សន៍ CNN បានច្រានចោលការអះអាងខាងលើ ហើយក្រុមហ៊ុនទូរទស្សន៍​ខ្សែកាប ​RNC ក៏បានចេញមុខបញ្ជាក់ដែរថា គ្មានសេចក្តីរាយ ការណ៍អំពីការ​ផ្សព្វផ្សាយ​មិនប្រក្រតីនៅ​លើប៉ុស្តិ៍ CNN ក្នុងទីក្រុង Boston កាលពីយប់ថ្ងៃព្រហស្បតិ៍ (ពេលវេលានៅសហរដ្ឋអាមេរិក) នោះឡើយ។ រហូតមកដល់​ពេលនេះ គេពុំទាន់ទទួលបានព័ត៌មាន​ជាក់លាក់ថា មានរឿងអ្វីបានកើតឡើងឲ្យពិតប្រាកដនោះឡើយ​ ខណៈគ្រប់ភាគីសុទ្ធតែប្រកែកចំពោះការចោទប្រកាន់៕