(ម៉ានីល)៖ នៅព្រឹកថ្ងៃចន្ទនេះវត្ថុដែលគេសង្ស័យថា ជាគ្រាប់បែកមួយគ្រាប់ត្រូវបានគេប្រទះឃើញ នៅក្បែរស្ថានទូតរបស់សហរដ្ឋអាមេរិកប្រចាំ ទីក្រុងម៉ានីលប្រទេសហ្វីលីពីន។ នេះបើតាមការចេញផ្សាយ​ដោយទីភ្នាក់ងារព័ត៌មានចិនស៊ិនហួរ នៅមុននេះបន្តិចនាព្រឹកថ្ងៃចន្ទ ទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៦។

បើយោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងប្រទេសហ្វីលីពីនផ្ទាល់ មន្រ្តីប៉ូលិសក្រុងម៉ានីលបានធ្វើការបិទមហាវិថី Roxas ដែលនៅចំពីខាងមុខស្ថានទូតអាមេរិក នាវេលាម៉ោងប្រមាណជា ៧៖៣០នាទីព្រឹក (ម៉ោងក្នុងទីក្រុងម៉ានីល) រីឯមកដល់ម៉ោង ៨៖០០នាទីព្រឹកថ្ងៃចន្ទនេះដដែល ក្រុមអ្នកជំនាញខាង​ដោះគ្រាប់បែកបានបំផ្ទុះគ្រាប់បែកដែលត្រូវបានរកឃើញនោះចោលដោយសុវត្ថិភាព ហើយក្រោយមក
ប៉ូលិសក៏បានបើកផ្លូវឲ្យធ្វើចរាចរណ៍ជាធម្មតាវិញ នៅម៉ោងប្រហែលជា៩៖០០នាទីព្រឹក។

គួរបញ្ជាក់ថា គ្រាប់បែកខាងលើត្រូវបានប្រទះឃើញនៅក្នុងធុងសំរាម ដោយអ្នកសម្អាតអនាម័យ​តាមដងវិថីម្នាក់ ហើយខណៈពេលនេះប៉ូលិសហ្វីលីពីនកំពុងតែធ្វើការតាមដានរកប្រភព៕