(វ៉ាស៊ីនតោន)៖ បុរសម្នាក់រស់នៅទីក្រុង Lafayette នៃរដ្ឋ Tennessee ភាគកណ្តាលសហរដ្ឋអាមេរិក​ បានឈ្នះឆ្នោត​ទទួលបានទឹកប្រាក់ ៤២០.៩លានដុល្លារអាមេរិក ដែលជារង្វាន់ដ៏ច្រើនមហាសាលមួយអាច​ឲ្យរូបគេរស់នៅ​ក្នុងភាពជាមហាសេដ្ឋីប្រចាំអាមេរិកបាន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារ​ព័ត៌មានចិន​ស៊ិនហួរ នាព្រឹកថ្ងៃចន្ទ ទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៦។

តាមពិតទៅទឹកប្រាក់ខាងលើនេះ គ្រាន់តែជារង្វាន់ធំដែលត្រូវផ្តល់ជូនជាលើកទីពីរប៉ុណ្ណោះសម្រាប់អតិថិជន​ខណៈអ្នកឈ្នះកាលពីលើកមុននៅអំឡុងខែមករា ដើមឆ្នាំ២០១៦ កន្លងទៅនេះគឺបានទទួលទឹកប្រាក់​រហូតដល់ទៅ ៥២៨.៨លានដុល្លារសហរដ្ឋអាមេរិកឯណោះ។ អ្នកឈ្នះដែលមិនទាន់ត្រូវបានប្រកាសឈ្មោះ​ខាងលើ​នេះមានរយៈពេលកំណត់ ១៨០ថ្ងៃដើម្បីមកទទួលយកលាភសក្ការៈរបស់ខ្លួននៅឯទីស្នាក់ការ​កណ្តាល​នៃក្រុមហ៊ុនឆ្នោត Powerball Tennessee Lottery។

គួរបញ្ជាក់ថាអ្នកឈ្នះឆ្នោតខាងលើនេះ គឺមិនត្រូវបានប្រកាសឈ្មោះ ឬអត្តសញ្ញាណច្បាស់លាស់ជា​សាធារណៈនោះឡើយដោយយោងលើកត្តាសន្តិសុខ។ សម្រាប់ឆ្នោតដែលបុរសខាងលើនេះឈ្នះគឺ​ជារង្វាន់​ធំលើកទី ១២ហើយនៅក្នុងប្រវត្តិសាស្ត្រនៃអ្នកលេងឆ្នោតទូទាំងសហរដ្ឋអាមេរិក។ បច្ចុប្បន្ន Powerball កំពុងប្រតិបត្តិនៅក្នុងរដ្ឋចំនួន ៤៤ របស់អាមេរិក ហើយទឹកប្រាក់ Jackpot រហូតមកដល់ខែមករា ឆ្នាំ២០១៦ មានរហូតដល់ទៅ ១.៥៨៦ ពាន់លានដុល្លារឯណោះ៕