(វ៉ាស៊ីនតោន)៖ អ្នកនាំពាក្យគណៈកម្មការរៀបចំការបោះឆ្នោត ក្នុងរដ្ឋ Wisconsin​ បាននិយាយថា ខ្លួនមិន បានរកឃើញភស្ដុតាងណាមួយដែលបញ្ជាក់ថា លទ្ធផលបោះឆ្នោតតាមរយៈប្រព័ន្ធកុំព្យូទ័រត្រូវបានគេ Hack ឬក្លែងបន្លំនោះទេ នៅអំឡុងការបោះឆ្នោតជ្រើសរើសប្រធានាធិបតីអាមេរិក កាលពីថ្ងៃទី០៨ ខែវិច្ឆិកា ខណៈ លោកស្រី ជីល ស្ដែន ក៏បានបង្ហាញពីបំណងដាក់សំណើឱ្យមានការរាប់សន្លឹកឆ្នោតឡើងវិញផងដែរ នៅរដ្ឋ Pennsylvania និង រដ្ឋ Michigan។  នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik​ នៅថ្ងៃចន្ទ ទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៦។

ក្រុមមន្ត្រីនៅក្នុងរដ្ឋ Wisconsin គ្រោងនឹងជួបគ្នានៅថ្ងៃចន្ទនេះ ដើម្បីពិភាក្សាគ្នាស្ដីពីការរាប់សន្លឹកឆ្នោត​ឡើងវិញតាមសំណើអតីតបេក្ខជនប្រធានាធិបតីអាមេរិក មកពីគណបក្របៃតង (Green Party)​ លោកស្រី ជីល ស្ដែន (Jill Stein)​ ដែលកំពុងធ្វើសង្រ្គាមពាក្យសម្ដីជាមួយនឹង ប្រធានាធិបតីជាប់ឆ្នោត លោក ដូណាល់ ត្រាំ។ លោក ត្រាំ បានឈ្នះនៅក្នុងរដ្ឋសំខាន់ៗដូចជា Pennsylvania, Michigan និង រដ្ឋ Wisconsin​។ ក៏ប៉ុន្តែលោកស្រី ជីល ស្ដែន បានដាក់សំណើឱ្យមានការរាប់សន្លឹកឆ្នោត ឡើងវិញនៅក្នុង រដ្ឋមួយនេះ ហើយមិនតែប៉ុណ្ណោះ លោកស្រីក៏មានបំណងដាក់សំណើដូចគ្នានេះសម្រាប់រដ្ឋ ​Pennsylvania និង រដ្ឋ Michigan ដោយអាចនឹង ត្រូវចំណាយប្រាក់ ៥លានដុល្លារអាមេរិកនៅក្នុងដំណើរការនេះ។  

គួរបញ្ជាក់ថាជុំវិញការរាប់សន្លឹកឆ្នោតឡើងវិញនេះដែរ ក្រុមការងារយុទ្ធនាការឃោសនាបោះឆ្នោតខាង លោកស្រី ហ៊ីលឡារី គ្លីនតុន បានអះអាងថានឹងចូលរួម ជាមួយលោកស្រី ជីល ស្ដែន រីឯលោក ត្រាំ​បានសម្ដែងការជំទាស់យ៉ាងខ្លំាង និងបានហៅគំរោងនេះថា «ជាទង្វើបោកប្រាស»