(គុយបា)៖ បើយោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកផ្ទាល់ ពិធីកាន់ទុក្ខដ៏ធំសម្រាប់អតីត​មេដឹកនាំ​បដិវត្តន៍ដ៏​ល្បីល្បាញរបស់ប្រទេសគុយបា លោក ហ្វីឌែល កាស្រ្តូ (Fidel Castro) នឹងត្រូវប្រារព្ធឡើងរយៈពេល០៩ថ្ងៃ ​រហូតដល់ថ្ងៃអាទិត្យ ទី០៤ ខែធ្នូ នៅក្នុងទីក្រុង Santiago ហើយបើតាមសេចក្តីប្រកាស​​របស់លោក រ៉ូល ខាស្ត្រូ សព​លោក ហ្វីឌែល កាស្ត្រូ នឹងត្រូវបូជានៅថ្ងៃសៅរ៍ ទី២៦ ខែវិច្ឆិកា (ត្រូវនឹងព្រឹកថ្ងៃអាទិត្យ ទី២៧ ខែវិច្ឆិកា ពេលវេលានៅតំបន់អាស៊ីអាគ្នេយ៍) និងទុករហូតដល់​ថ្ងៃទី០៤ ខែធ្នូ ទើបប្រារព្ធពិធីបុណ្យដ៏​ធំដើម្បីយកអដ្ឋិធាតុរបស់លោកទៅបញ្ចុះ។ នេះបើតាមការចេញផ្សាយដោយ​ស្ថានីយ៍ទូរទស្សន៍ CNN នៅមុននេះបន្តិចនាយប់ថ្ងៃសៅរ៍ ទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៦។

គួរបញ្ជាក់ថា លោក ហ្វីឌែល កាស្ត្រូ ​ត្រូវជាបងប្រុសបង្កើតរបស់លោក រ៉ូល ខាស្ត្រូ (Raul Castro) មេដឹកនាំកំពូលប្រទេស​គុយបា បច្ចុប្បន្នបានទទួលមរណភាព​ក្នុងអាយុ៩០ឆ្នាំ ហើយសេចក្តីប្រកាសជាផ្លូវការត្រូវបានធ្វើឡើងដោយ​ប្អូនប្រុស​របស់លោកផ្ទាល់តែម្តង នៅវេលាម៉ោង២២៖២៩នាទីយប់ថ្ងៃទី២៥ ខែវិច្ឆិកា (ម៉ោងនៅទីក្រុងឡាហាវ៉ាន់)។

សូមរំលឹកទៀតថាលោក ហ្វីឌែល កាស្ត្រូ ក៏ធ្លាប់ជាមិត្ត​ស្និទ្ធស្នាលបំផុតផងដែរ ជាមួយអតីតព្រះមហាវីរៈក្សត្រខ្មែរ ព្រះបាទ នរោត្តម សីហនុ កាលទ្រង់នៅមានព្រះជន្ម៕