(យូអិន)៖ ក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិ កំពុងរួមគ្នារៀបចំចាត់វិធានការ​ដើម្បីខ្ទប់ដង្ហើម​សេដ្ឋកិច្ច​ប្រទេសកូរ៉េខាងជើង ដោយឥឡូវនេះជិតនឹងសម្រេច​បានការអនុញ្ញាតមែនទែន​ហើយ ក្នុងការ​ដាក់​ទណ្ឌកម្មបន្ថែម​ទៅលើប្រទេសដ៏ឯកោមួយនេះ ដើម្បីកាត់ផ្តាច់ប្រាក់ចំណូលរបស់ទីក្រុងព្យុងយ៉ាង ចេញពីវិស័យនាំចេញឲ្យបាន​មិនតិចជាងមួយភាគបួនឡើយ ដែលគោលដៅសំខាន់​ជាងគេនោះគឺការនាំចេញ
ធ្យូងថ្មរបស់កូរ៉េខាងជើងទៅកាន់ប្រទេសចិន។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន ​Channel News Asia នៅមុននេះបន្តិចនារសៀលថ្ងៃសៅរ៍ ទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៦។

គំរោងនៃការដាក់ទណ្ឌកម្មដែលព្រៀងឡើងដោយសហរដ្ឋអាមេរិក ដើម្បីជាការ​ឆ្លើយតបទៅនឹងការបំផ្ទុះ​​សាកល្បងគ្រាប់នុយក្លេអ៊ែរលើកទីប្រាំរបស់​ប្រទេសកូរ៉េខាងជើង កាលពីខែកញ្ញា​កន្លងទៅនេះ និងដាក់​កម្រិត​ទៅលើវិស័យនាំចេញរបស់រដ្ឋាភិបាលទីក្រុងព្យុងយ៉ាង ដែលទទួលបានចំណូលក្នុងមួយឆ្នាំៗ​ប្រមាណជា ៣ពាន់លានដុល្លារ ហើយបើការដាក់​ទណ្ឌកម្មនេះបាន​ជោគជ័យវានឹងកាត់បន្ថយ​ថវិកាដែលកូរ៉េខាង​ជើងរកបាន​ពីវិស័យនេះ យ៉ាងហោចបំផុតក៏ចំនួន ៨០០លានដុល្លារដែរ។

គួរបញ្ជាក់ដែរថា សហរដ្ឋអាមេរិក និងប្រទេសចិនដែលជាសម្ព័ន្ធមិត្តដ៏ជិតស្និទ្ធតែមួយគត់របស់​កូរ៉េខាងជើងនោះ បានឯកភាពគ្នាក្នុងការ ដាក់ទណ្ឌកម្មបន្ថែមនេះទៅលើរដ្ឋាភិបាលទីក្រុង​ព្យុងយ៉ាងហើយ នៅរង់ចាំតែការយល់ព្រម​ពីសំណាក់ចក្រភពអង់គ្លេស, ប្រទេសបារាំង និងប្រទេសរុស្ស៊ីប៉ុណ្ណោះ៕