(កាណាដា)៖ វត្ថុមួយដែលត្រូវបានគេរកឃើញនៅក្បែរឆ្នេរ​សមុទ្រនៃប្រទេសកាណាដានោះ ដែលដំបូងឡើយ​មនុស្សជាច្រើន​ជឿជាក់ថា ជាគ្រាប់បែកនុយក្លេអ៊ែរ​មួយគ្រាប់ដែលបាន​បាត់ដំណឹង​​សូន្យ​ឈឹងតាំង​ពីសម័យទសវត្សរ៍ទី៥០​មកនោះ ការពិតទៅគ្រាន់តែជាបំណែកនៃគ្រឿងយន្តប៉ុណ្ណោះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន BBC នៅមុននេះ​បន្តិចនារសៀលថ្ងៃសៅរ៍ ទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៦។

វត្ថុដែលបានបង្កឲ្យមានការភ្ញាក់ផ្អើលមួយប្រាវ បន្ទាប់ពីត្រូវបានរកឃើញដោយអ្នកមុជទឹកម្នាក់ នៅក្បែរឆ្នេរ​សមុទ្រនៃខេត្ត British Columbia ភាគខាងលិចប្រទេសកាណាដានោះ ត្រូវកង​កម្លាំងយោធាធ្វើការ​​ត្រួតពិនិត្យ​យ៉ាងម៉ត់ចត់ហើយរកឃើញថា វាមិនមែនជាអាវុធនុយក្លេអ៊ែរដែលបានបាត់ នៅពេលយន្តហោះ​ទម្លាក់គ្រាប់បែករបស់អាមេរិកបាន ធ្លាក់កាលពីឆ្នាំ១៩៥០ នោះឡើយដោយវត្ថុនោះគ្រាន់តែជាបំណែក​នៃគ្រឿងម៉ាស៊ីនដែកប៉ុណ្ណោះ។

គួរបញ្ជាក់ដែរថា កាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ១៩៥០ យន្តហោះទម្លាក់គ្រាប់បែកមួយគ្រឿងធុន Convair B-36B របស់សហរដ្ឋអាមេរិក បានធ្លាក់ទៅក្នុងតំ​បន់ភាគខាងជើងខេត្ត Birtish Columbia របស់ប្រទេសកាណាដា នៅក្រោយពេលដែលបានទម្លាក់គ្រាប់បែក​នុយក្លេអ៊ែរប្រភេទ «Mark 4» មួយគ្រាប់ចោល៕