(វ៉ាស៊ីនតោន)៖ រដ្ឋបាលរបស់លោក ប៉ារ៉ាក់ អូបាម៉ា បានចេញសេចក្តីថ្លែងការណ៍ទទួលស្គាល់​លទ្ធផល​នៃការបោះ​ឆ្នោតជ្រើសរើស​ប្រធានាធិបតីកាលពីពេលថ្មីៗនេះ ថាជាការឆ្លុះបញ្ចាំង​ឲ្យឃើញយ៉ាងជាក់ច្បាស់​​អំពីឆន្ទៈរបស់ប្រជាជនអាមេរិកទាំងមូល ហើយលទ្ធផលដ៏សុក្រិតឥត​ល្អៀងនេះ គួរតែត្រូវបានគោរពតាម។ នេះបើតាមការចេញផ្សាយ​ដោយការសែត New York Times នៅមុននេះបន្តិចនារសៀលថ្ងៃសៅរ៍ ទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៦។

បើយោងតាមសេចក្តីថ្លែងការណ៍របស់ក្រុមរដ្ឋបាល​នៃប្រធានាធិបតីអាមេរិក​បច្ចុប្បន្ន លទ្ធផលនៃការ​បោះឆ្នោត​គឺត្រឹមត្រូវ​បំផុតទោះបីជាធ្លាប់មានការ​ចោទប្រកាន់មួយចំនួនក៏ដោយថា ប្រទេសរុស្ស៊ីបានព្យាយាម​ប៉ុនប៉ង​បង្កភាពរាំងស្ទះដល់ដំណើរការ និងលទ្ធផលនៃការបោះឆ្នោត​ជ្រើសរើសប្រធានាធិបតី​ទី៤៥របស់​សហរដ្ឋអាមេរិក ដែលជាការចោទប្រកាន់​វិមានក្រឹមឡាំងបាន​បដិសេធចោល។

គួរបញ្ជាក់ដែរថាកាលពីថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ លោក ដូណាល់ ត្រាំ ជាបេក្ខភាពប្រធានាធិបតីនៃ​​គណបក្សសាធារណរដ្ឋ បានយកឈ្នះ​លើគូប្រកួតរបស់ខ្លួនគឺលោកស្រី ហ៊ីលឡារី គ្លីនតុន មកពីគណបក្ស​ប្រជាធិបតេយ្យ ហើយនៅក្រោយពេលចេញលទ្ធផលឆ្នោត បាតុកម្មផ្ទុះជាអំពើហិង្សាដ៏កក្រើកបានកើតឡើង​ស្ទើរតែនៅទូទាំងប្រទេសរីឯ​នាពេលថ្មីៗនេះ​ក៏មានការតវ៉ាទាមទារ ឲ្យមានការរាប់​សន្លឹកឆ្នោតឡើងវិញ​នៅ​តាម​បណ្តារដ្ឋមួយចំនួនដែលលោក ត្រាំ ទទួលបានជ័យជម្នះដោយប្រកៀកប្រកិតបំផុតថែមទៀត៕