(គុយបា)៖ អតីតមេដឹកនាំកំពូលគុយបាលោក ហ្វីឌែល កាស្ត្រូ ទទួលមរណភាពហើយ នៅអាយុ ៩០ឆ្នាំ។ នេះបើយោងតាមសារព័ត៌មាន Sky News ចេញផ្សាយនៅមុននេះបន្តិច។

តាមទូរទស្សន៍រដ្ឋគុយបា ចេញផ្សាយនៅព្រឹកថ្ងៃសៅរ៍ ទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៦ នេះលោក ហ្វីឌែល កាស្ត្រូ (Fidel Castro) ត្រូវជាបងប្រុសបង្កើតរបស់លោក រ៉ូល ខាស្ត្រូ (Raul Castro) មេដឹកនាំកំពូលប្រទេស​គុយបាបច្ចុប្បន្នបានទទួលមរណភាព ហើយសេចក្តីប្រកាសជាផ្លូវការត្រូវបានធ្វើឡើងដោយប្អូនប្រុស​របស់លោកផ្ទាល់តែម្តង នៅវេលាម៉ោង ២២៖២៩នាទីយប់ថ្ងៃទី២៥ ខែវិច្ឆិកា (ម៉ោងនៅទីក្រុងឡាហាវ៉ាន់)។

គួរបញ្ជាក់ថាលោក ហ្វីឌែល កាស្ត្រូ គឺជាមេដឹកនាំបដិវត្តន៍គុយបាដ៏ល្បីល្បាញ​មួយរូប ដែលជាសម្ព័ន្ធមិត្ត​ដ៏​ជិតស្និតបំផុតរបស់​ប្រទេសរុស្ស៊ី ប្រឆាំងនឹងសហរដ្ឋអាមេរិក ហើយក៏ជាមូលហេតុ​ដែលធ្វើឲ្យប្រទេសដីកោះ ស្ថិតនៅក្នុងដែនសមុទ្រការីបៀនមួយនេះ ធ្លាក់ទៅក្នុងទណ្ឌកម្មសហរដ្ឋអាមេរិកជិត ៦ទសវត្សរ៍ផងដែរ។

ទោះបីជាបែបនេះក្តីលោកត្រូវបានប្រជាជាតិគុយបាទាំងមូលចាត់ទុកជាវីរៈបុរសជាតិ ហើយមុនពេលដែល​លោក​ទទួលមរណភាពនេះប្រទេសគុយបា ក៏បានកសាងទំនាក់ទំនងប្រសើរឡើងវិញជាមួយ​សហរដ្ឋអាមេរិក​​ផងដែរដែលពេលនេះ ប្រទេសគុយបាកំពុងចាប់ផ្តើមបង្កើតទំនាក់ទំនងប្រសើរ​ឡើងវិញជាមួយ​បណ្តាប្រទេសអឺរ៉ុប និងអាមេរិក៕