(ម៉ានីល)៖ ប្រធានាធិបតីហ្វីលីពីនលោក រ៉ូឌ្រីហ្គោ ឌូធើតេ បាននិយាយលួងលោមឲ្យពួកឧទ្ទាមអាប៊ូ សាយ៉ាហ្វ (Abu Sayyaft) បញ្ឈប់ទង្វើចាប់ជំរិតតាមផ្លូវសមុទ្រ របស់ពួកគេតទៀតទៅ ហើយងាកមកចាប់ផ្តើមចូលតុចរចាទល់មុខគ្នាវីញ ដែលនេះគឺជាសញ្ញាសន្តិភាពមួយផ្តល់ទៅកាន់ក្រុមឧទ្ទាមរដ្ឋអ៊ីស្លាមដ៏សាហាវឃោឃៅ ដែលលោក ឌូធើតេ ធ្លាប់បានស្បថថានឹងកម្ទេចចោលមិនឲ្យសល់សូម្បីតែម្នាក់។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន ​Channel News Asia នៅមុននេះបន្តិចនាព្រឹកថ្ងៃសៅរ៍ ទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៦។

ទើបតែប៉ុន្មានខែមុនប៉ុណ្ណោះដែលលោក រ៉ូឌ្រីហ្គោ ឌូធើតេ ធ្លាប់បាននិយាយថា ដំណោះស្រាយដោយសន្តិវិធីគឺគ្មានឡើយសម្រាប់ក្រុមសកម្មប្រយុទ្ធ អាប៊ូ សាយ៉ាហ្វ ប៉ុន្តែនៅពេលកងកម្លាំងយោធារបស់រដ្ឋាភិបាលប្រមាណ ១០,០០០នាក់នៅភាគខាងត្បូងប្រទេស នៅតែមិនអាចលុបបំបាត់ និងកាត់បន្ថមសកម្មភាព ចាប់ជំរិត នៅតាមដែនសមុទ្របាន ហើយប្រជាជនស្លូតត្រង់ តែងតែស្ថិតនៅក្នុងគ្រោះថ្នាក់រាល់ពេលប៉ះទង្គិចគ្នាម្តងៗទៀតនោះ លោកប្រធានាធិបតីហ្វីលីពីន បានយល់យ៉ាងច្បាស់ថា សង្រ្គាមប្រឈមមុខដាក់គ្នាមិនមែនជាចម្លើយនោះឡើយ។

នៅក្រោយដំណើរទៅសួរសុខទុក្ខនាយទាហានដែលបានទទួលរងរបួស នៅក្នុងការប្រយុទ្ធគ្នាជាមួយពួកក្រុមឧទ្ទាម លោក រ៉ូឌ្រីហ្គោ ឌូធើតេ បានលើកឡើងថា​ «ខ្ញុំអាចប្រើកម្លាំងយោធាដើម្បីសម្លាប់ពួកឧទ្ទាម អាប៊ូ សាយ៉ាហ្វ រាប់ម៉ឺននាក់បាន ក៏ប៉ុន្តែអ្វីដែលសំខាន់នោះគឺថា តើធ្វើបែបយ៉ាងដូច្នោះហើយវាអាចផ្តល់សន្តិភាពមក ឲ្យប្រទេសហ្វីលីពីនបានដែរឬយ៉ាងណា»។ លោក ឌូធើតេ បានបន្តថា «បើសិនជាពួកអ្នក (ក្រុម អាប៊ូ សាយ៉ាហ្វ) អាចផ្អាកការចាប់ជំរិតមួយរយៈ ពួកយើងនឹងជួបសន្ទនាចរចាគ្នា ដោយប្រព្រឹត្តទៅនៅកន្លែងណាក៏បាន ហើយចង់ឲ្យខ្ញុំទៅតែម្នាក់ឯងក៏បានដែរ... គួរតែផ្តល់ឱកាសឲ្យប្រជាជនយើងម្តងទៅ»

គួរបញ្ជាក់ថា បច្ចុប្បន្នជនរងគ្រោះចំនួន២២នាក់កំពុងស្ថិតក្រោមការឃុំខ្លួនរបស់ពួកសកម្មប្រយុទ្ធ អាប៊ូ សាយ៉ាហ្វ ដែលបានឈរជើងយ៉ាងរឹងមាំក្នុងមូលដ្ឋានស្នូល របស់ពួកគេនៅតាមកោះ Jolo និងកោះ Basilan  ភាគខាងត្បូង ប្រទេសហ្វីលីពីន ហើយពួកឧទ្ទាមដ៏សាហាវឃោឃៅនេះបានធ្វើការទាមទារលុយរាប់ម៉ឺន រាប់សែនដុល្លារ ដើម្បីដោះដូរជាមួយសេរីភាពរបស់ជនរងគ្រោះដែលពួកគេចាប់ជំរិតបាន។ ដោយឡែកកាលពីដើមឆ្នាំ២០១៦នេះ ពួកឧទ្ទាម អាប៊ូ សាយ៉ាហ្វ បានកាត់ក្បាលជនជាតិកាណាដាស្លូតត្រង់ចំនួនពីរនាក់ដោយសារតែគ្មានការចរចាដោះដូរ៕