(តេហេរ៉ង់)៖ ចំនួនមនុស្សដែលបានបាត់បង់ជីវិតកើនឡើងដល់៤០នាក់ ហើយប្រមាណជា១០០នាក់​ បានទទួលរងរបួសយ៉ាងធ្ងន់ធ្ងរនៅ​ក្រោយពេលដែលរថភ្លើង​ដឹក​អ្នកដំណើរ​ចំនួនពីរខ្សែ បានបុកគ្នាយ៉ាង​ពេញទំហឹង និងផ្ទុះឆេះជាអណ្តាតភ្លើងយ៉ាងសន្ធោសន្ទៅឡើង នៅខេត្ត Semnan ភាគខាងជើងប្រទេសអ៉ឺរ៉ង់ ខណៈចំនួនអ្នកស្លាប់អាចនឹងកើនឡើងជាបន្តបន្ទាប់ទៀត។ នេះបើតាមស្ថានីយ៍​ទូរទស្សន៍រដ្ឋអ៉ឺរ៉ង់ ដែលចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅយប់ថ្ងៃសុក្រ ទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៦។

អភិបាលខេត្ត Semnan បានឲ្យដឹងថា «គិតមកត្រឹមពេលនេះចំនួនអ្នកស្លាប់សរុបបានកើន​ដល់ យ៉ាងណាស់៤០នាក់ហើយ ខណៈមនុស្សចំនួន១០០នាក់ទៀត បានទទួលរង​របួសយ៉ាងដំណំ និងត្រូវបានបញ្ជូនទៅ​កាន់មន្ទីរពេទ្យ​ដែលនៅកៀកនឹងកន្លែងកើតហេតុបំផុត ជាបន្ទាន់ដើម្បីជួយ​សង្រ្គោះព្យាបាល ដោយអ្នកខ្លះដែលស្ថិតក្នុងស្ថានភាព​ធ្ងន់ធ្ងរមែនទែនសឹងតែមិនសង្ឃឹមថានឹងអាចរួចជីវិតនោះឡើយ» ប៉ុន្តែព័ត៌មាន​លម្អិតអំពីចំនួនអ្នកដំណើរសរុប នៅលើរថភ្លើងទាំងពីរខ្សែរនោះ នៅតែពុំត្រូវបានបញ្ជាក់ឲ្យ​ដឹងច្បាស់​ដដែល។

សូមជំរាបថា បើយោងតាមស្ថានីយ៍ទូរទស្សន៍អ៉ឺរ៉ង់បានឲ្យដឹងថា ហេតុការណ៍គ្រោះថ្នាក់នេះ បានកើតឡើង​នៅពេលដែល​​រថភ្លើងដឹកអ្នកដំណើរ​មួយខ្សែបានជ្រុល ទៅបុក នឹងរថភ្លើងមួយខ្សែរ​ផ្សេងទៀត ដែលបាន​ចតស្ងៀមនៅឯស្ថានីយ៍ Haft-han ជាយក្រុងទីក្រុង Shahroud ដែលស្ថិតនៅចម្ងាយ​ប្រមាណ ២៥០គីឡូម៉ែត្រ ភាគខាងកើត​ទីក្រុងតេហេរ៉ង់ ហើយបានបណ្តាល​ឲ្យទូររថភ្លើង​មួយចំនួន​ឆាបឆេះឡើង៕