(វៀតណាម)៖ ក្រោយពីបញ្ចប់កិច្ចប្រជុំជាមួយគ្នា រយៈពេល៤ថ្ងៃរួចមក តំណាងនគរបាលកម្ពុជា និងវៀតណាម បានឯកភាពប្ដេជ្ញារួមគ្នា បង្កើនសកម្មភាពបង្ក្រាបបទល្មើសគ្រឿងញៀន ឲ្យកាន់តែខ្លាំងក្លាថែមទៀត ដើម្បីបោសសម្អាតអំពើខុសច្បាប់នេះ ចេញពីទឹកដីនៃប្រទេសទាំងពីរ។

កិច្ចប្រជុំខាងលើនេះ ធ្វើឡើងក្រោមប្រធានបទស្ដីពី សហប្រតិបត្តិការកម្ពុជា-វៀតណាម BLO លើកទី៣ (BLO-ការិយាល័យទំនាក់ទំនងព្រំដែន) នាទីក្រុងហូជីមិញ ចាប់ពីថ្ងៃទី២១-២៤ ខែវិច្ឆិកា ឆ្នាំ២០១៦ ដែលប្រតិភូកម្ពុជា ដឹកនាំដោយ លោកឧត្ដមសេនីយ៍ឯក ម៉ក់ ជីតូ អគ្គស្នងការរងនគរបាលជាតិ និងជាអគ្គលេខាធិការរង អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនកម្ពុជា និងប្រតិភូវៀតណាម ដឹកនាំដោយ លោកឧត្ដមសេនីយ៍ទោ ដុង ដាយឡុក អគ្គនាយករង នៃអគ្គនាយកដ្ឋានតម្រួតវៀតណាម។

របាយការណ៍លទ្ធផលនៃកិច្ចប្រជុំ របស់ឧត្តមសេនីយ៍ ម៉ក់ ជីតូ បានបញ្ជាក់ថា ខ្លឹមសារកិច្ចប្រជុំ ភាគីកម្ពុជា-វៀតណាម បានពិភាក្សាគ្នាអំពីស្ថានភាពបច្ចុប្បន្ន តាមបន្ទាត់ព្រំដែនកម្ពុជា-វៀតណាម ក្នុងនោះខាងកម្ពុជា មានខេត្តតាកែវ កណ្ដាល ស្វាយរៀង ត្បូងឃ្មុំ, ឯខាងវៀតណាម មានខេត្តអាងយ៉ាង និងខេត្តតាយនិញ។

ឧត្តមសេនីយ៍ ម៉ក់ ជីតូ បន្តថា «ភាគីទាំងពីរបានឯកភាពគ្នា ក្នុងកិច្ចសហការកាន់តែជិតស្និទថែមទៀត លើការងារ BLO ដោយបានផ្លាស់ប្ដូរព័ត៌មានទាំងផ្លូវការ និងក្រៅផ្លូវការ ហើយឯកភាពសហការគ្នា ដើម្បីស្រាវជ្រាវតាមចាប់មុខសញ្ញាជូញដូរគ្រឿងញៀន»

ក្រៅពីនេះ ភាគីឯកភាពគ្នាបន្តខិតខំ ឃោសនាអប់រំពន្យល់ណែនាំ ដល់ប្រជាជនប្រទេសទាំងពីរ ឲ្យយល់ដឹងពីគ្រោះថ្នាក់នៃគ្រឿងញៀន ការប្រឈមចំពោះមុខច្បាប់ និងចូលរួមក្នុងការបង្ការបង្ក្រាបគ្រឿងញៀន។

ជាមួយគ្នានេះ ភាគីកម្ពុជាបានស្នើឲ្យភាគីវៀតណាម បន្តជួយឧបត្ថម្ភសម្ភារៈ ថវិការ និងបណ្ដុះបណ្ដាលជំនាញពាក់ព័ន្ធនានា, ពិនិត្យ និងចាត់តាំងរចនាសម្ព័ន្ធ BLO ឲ្យតុល្យភាពជាមួយកម្ពុជា។

ចំណែកខាងភាគីវៀតណាម ក៏បានស្នើឲ្យភាគីកម្ពុជា ត្រូវពិនិត្យលទ្ធភាពបង្កើតប៉ុស្ដិ៍ BLO មួយទៀត រវាងខេត្តកំពត និងខេត្តគៀងយ៉ាងផងដែរ។

សូមបញ្ជាក់ថា ភាគីទាំងពីរបានឯកភាពគ្នាថា នឹងស្នើសុំទៅអង្គការ UNODC ដើម្បីបណ្ដុះបណ្ដាលជាវគ្គរួម ឬដោយឡែក លើការងារបង្ក្រាបបទល្មើស គ្រឿងញៀនឆ្លងដែននេះ។

កន្លងមក BLO វៀតណាម ក្នុងខេត្តតាយនិញ ក៏បានឧបត្ថម្ភឧបករណ៍ធ្វើតេស្តទឹកនោម ដល់ BLO កម្ពុជា ក្នុងខេត្តស្វាយរៀង ៥០០គ្រឿង ហើយខេត្តអាងយ៉ាង ក៏បានផ្ដល់ថវិកាដល់ខេត្តកណ្ដាលចំនួន ១៥០លានដុង ផងដែរ ដើម្បីកសាងប៉ុស្តិ៍ BLO ជ្រៃធំ៕