(តេហេរ៉ង់)៖ រថភ្លើងដឹកអ្នកដំណើរចំនួនពីរខ្សែបានបុកគ្នាយ៉ាងពេញទំហឹង នៅខេត្ត Semnan ភាគខាងជើងប្រទេសអ៊ីរ៉ាក់ នៅព្រឹកថ្ងៃសុក្រនេះ ហើយបានបណ្តាលឲ្យ មនុស្សយ៉ាងហោចណាស់ចំនួន ប្រាំនាក់បានស្លាប់បាត់បង់ជីវិត និងជាង២០នាក់ផ្សេងបានទទួលរងរបួសយ៉ាងដំណំ។ នេះបើតាមស្ថានីយ៍​ទូរទស្សន៍រដ្ឋអ៊ីរ៉ង់ ដែលចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅមុននេះបន្តិចនារសៀល​ថ្ងៃសុក្រ ទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៦។

ប្រភពព័ត៌មានដដែលបានធ្វើសេចក្តីរាយការណ៍ថា «គិតត្រឹមពេលនេះចំនួនអ្នកស្លាប់សរុបបានកើន​ដល់ប្រាំនាក់ ខណៈមនុស្សប្រហែលជាង ២០នាក់ទៀតបាន ទទួលរងរបួស និងត្រូវបានរួសរាន់បញ្ជូនទៅ​កាន់មន្ទីរពេទ្យដែលនៅកៀកនឹងកន្លែងកើតហេតុបំផុត ដើម្បីជួយសង្រ្គោះព្យាបាលហើយ» ប៉ុន្តែព័ត៌មាន​លម្អិតអំពីចំនួនអ្នកដំណើរសរុបនៅលើរថភ្លើងទាំងពីរខ្សែរនោះ ពុំត្រូវបានបញ្ចេញឲ្យដឹងឡើយ។

គួរបញ្ជាក់ថា បើយោងតាមស្ថានីយ៍ទូរទស្សន៍ខាងលើហេតុការគ្រោះថ្នាក់នេះ បានកើតឡើង​នៅពេលដែល​រថភ្លើងដឹកអ្នកដំណើរមួយខ្សែរបានជ្រុលទៅបុក នឹងរថភ្លើងមួយខ្សែរផ្សេងទៀតដែលបាន​ចតស្ងៀមចោលនៅឯស្ថានីយ៍ Haft-han ក្នុងទីក្រុង Shahroud ស្ថិតនៅចម្ងាយប្រមាណ ៤០០គីឡូម៉ែត្រ ភាគខាងកើតទីក្រុងតេហេរ៉ង់៕