(អ៊ីស្រាអែល)៖ ប្រជាជនអ៊ីស្រាអែលរាប់ម៉ឺននាក់ត្រូវបានព្រមាន ឲ្យជម្លៀសខ្លួនចេញពីទីក្រុង Haifa ជាបន្ទាន់ ខណៈភ្លើងឆេះព្រៃដែលបានបន្តរហូតមកអស់រយៈពេល បួនថ្ងៃមកហើយនោះកំពុងរីករាល​ដាលពាសពេញផ្ទៃប្រទេស។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មានរុស្ស៊ី Russian Today នៅមុននេះបន្តិចនាព្រឹកថ្ងៃសុក្រ ទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៦។

ប្រជាជនប្រមាណជា ៨០,០០០នាក់ត្រូវបានបង្ខំឲ្យភៀសខ្លួនពីលំនៅឋានរបស់ពួកគេ និងរួសរាន់ចាក​ចេញ​ទីក្រុង Haifa ដែលជាទីក្រុងធំទីបីរបស់ប្រទេសអ៊ីស្រាអែល ស្របពេលដែលអាជ្ញាធរ និងភ្នាក់ងារ​ពន្លត់​អគ្គិភ័យកំពុងប្រឈមនឹងបញ្ហាលំបាកក្នុងការគ្រប់ស្ថានការណ៍ព្រោះតែមហន្តរាយភ្លើងឆេះព្រៃ​នេះ​រីករាលដាល យ៉ាងឆាប់រហ័ស ដោយសារអាកាសធាតុស្ងួតគ្មានសំណើម និងខ្យល់បក់ខ្លាំង។

គួរបញ្ជាក់ដែរថាជាការឆ្លើយតបទៅនឹងសំណើរបស់នាយករដ្ឋមន្រ្តីអ៊ីស្រាអែលលោក Benjamin Netanyahu ប្រទេសក្រិក ក្រូអាស៊ី និងរុស្ស៊ី បានបញ្ជូនយន្តហោះ ពន្លត់អគ្គិភ័យជាច្រើនគ្រឿង ដើម្បីឲ្យមកជួយប្រយុទ្ធនិងបង្រ្កាបគ្រោះអគ្គិភ័យដ៏សន្ធោសន្ធៅនេះ៕