(ហូជីមិញ)៖ អាជ្ញាធរនៃប្រទេសវៀតណាមបានតាមដានរកឃើញអ្នកឆ្លងវីរុស Zika ចំនួន០៤នាក់​បន្ថែមទៀតនៅក្នុងទីក្រុងហូជីមិញ ដែលប្រការនេះបានធ្វើឲ្យករណី ឆ្លងសរុបនៅក្នុងទីក្រុងមួយនេះផ្ទាល់​កើនដល់៧៨នាក់។ នេះបើតាមរបាយការណ៍ពីមជ្ឈមណ្ឌលវេជ្ជសាស្រ្តការពារប្រចាំទីក្រុងហូជីមិញ​ចេញ​ផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួរ នៅព្រឹកថ្ងៃសុក្រ ទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៦។

គិតមកត្រឹមយប់ថ្ងៃព្រហស្បតិ៍ សង្កាត់ចំនួន ១៧ក្នុងចំណោមទាំងអស់ ២៤នៃទីក្រុងហូជីមិញ បានប្រកាសថា មានវត្តមានអ្នកផ្ទុកវីរុស Zika ហើយការឆ្លងវីរុសនេះ នៅក្នុងប្រទេសវៀតណាមទាំងមូល ដែលត្រូវបានពិនិត្យរកឃើញមានចំនួនសរុប ៧៩ករណីដោយរាប់បញ្ចូលទាំង ៦៩ករណីនៅក្នុងទីក្រុង​ហូជីមិញ, ០៦ករណីនៅខេត្ត Dak Lak, Binh Duong, និង Ba Ria Vung Tau ហើយ ០៣ករណី​ផ្សេងទៀតនៅខេត្ត Khanh Hoa, Phu Yen, និង Long An។

ដើម្បីទប់ទល់ដោះស្រាយបញ្ហាវីរុស ដែលឆ្លងតាមរយៈសត្វមូសខាំនេះ ទីក្រុងហូជីមិញបានសម្រេចចិត្ត​បង្កើតគណកម្មាធិការពិសេសមួយដើម្បីបង្ការការពារ និងប្រយុទ្ធប្រឆាំងនឹងវីរុសដែលកំពុងរាតត្បាត​យ៉ាងខ្លាំងក្លា​នៅប្រទេសនាតំបន់អាស៊ីអាគ្នេយ៍នេះ ហើយម៉្យាងវិញទៀតអាជ្ញាធរនៅតាមបណ្តាទីក្រុង
និងខេត្តនានា នៅទូទាំងប្រទេសវៀតណាម បានបន្តចំណាត់ការក្នុងការស្វែងរកករណីឆ្លង នៃវីរុស Zika ឲ្យខ្លាំងជាងមុនទៀត និងបានបង្កើនការបាញ់ថ្នាំ ដើម្បីកម្ចាត់ជម្រកសត្វមូស នៅតាមតំបន់ជាច្រើនផងដែរ៕