(អ៊ីស្រាអែល)៖ នាយករដ្ឋមន្រ្តីអ៊ីស្រាអ៊ែលលោក Benjamin Netanyahu រំពឹងថារុស្ស៊ីនឹងចូលរួមជួយ​ក្នុងការប្រយុទ្ធប្រឆាំងនឹងមហន្តរាយភ្លើងឆេះព្រៃ ដែលកំពុងតែរីករាលដាលយ៉ាងខ្លាំងចាប់តាំងពី​ដើមសប្តាហ៍នេះមក នៅពាសពេញផ្ទៃប្រទេសអ៊ីស្រាអែល។ នេះបើតាមការចេញផ្សាយដោយសារ
ព័ត៌មានរុស្ស៊ី Sputnik នៅមុននេះបន្តិចនារសៀលថ្ងៃព្រហស្បតិ៍ ទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៦។

ខណៈអង្គភាពពន្លត់អគ្គិភ័យប្រចាំអ៊ីស្រាអែល កំពុងតែជួបប្រទះនឹងភាពលំបាកក្នុងការទប់ទល់នឹង​ភ្លើងឆេះ​ព្រៃដ៏សន្ធោសន្ធៅនៅភាគកណ្តាល និងខាងជើងប្រទេស លោកនាយករដ្ឋមន្រ្តី Benjamin Netanyahu បានប្រកាសស្នើទៅកាន់ប្រជាជាតិដ៏ទៃៗទៀតរួមមានប្រទេសក្រិក ក្រូអាស៊ី និងរុស្ស៊ី
ឲ្យបញ្ជូនយន្តហោះពន្លត់អគ្គិភ័យដើម្បីជួយបង្រ្កាបភ្លើងឆេះព្រៃ ដែលបានបន្តអស់រយៈពេលបីថ្ងៃ​មកហើយនេះ ខណៈប្រទេសក្រិក និងក្រូអាស៊ី បានឆ្លើយតបភ្លាមៗថានឹងជួយ។ លោក Netanyahu ក៏កំពុងរំពឹងផងដែរថា ប្រទេសរុស្ស៊ីនឹងបញ្ជូនជំនួយមកដូចគ្នា។

គួរបញ្ជាក់ថាដោយសារតែការខ្សត់ភ្លៀង និងខ្យល់ស្ងួតបានបណ្តាលឲ្យភ្លើងឆេះព្រៃរីករាលដាល​ពាសពេញភាគកណ្តាល និងភាគខាងជើងប្រទេសអ៊ីស្រាអែល ហើយលំនៅឋានរបស់ប្រជាជនជាច្រើនខ្នង បានទទួលរងការខូចខាត និងបំផ្លិចបំផ្លាញទាំងស្រុង ប៉ុន្តែជាសំណាងល្អគ្មានសេចក្តីរាយការណ៍ថា
មានមនុស្សស្លាប់ និងរងរបួសនោះឡើយ៕