(វ៉ាស៊ីនតោន)៖ ទើបតែដាក់ឲ្យប្រើប្រាស់ជាលើកដំបូងមិនទាន់បាន​ប៉ុន្មានសប្តាហ៍ផង នាវាចម្បាំងដែល​​បំពាក់​ដោយ​បច្ចេកវិទ្យាទំនើប​ឈានមុខ​គេបំផុត​លើលោក​មានឈ្មោះថា «USS Zumwalt» របស់កង​ទ័ពជើងទឹកសហរដ្ឋអាមេរិក បានគាំងមិនដំណើរ​នៅពេលឆ្លងកាត់ព្រែកជីក​ប៉ាណាម៉ា។ នេះបើតាមការ​ចេញ​ផ្សាយដោយស្ថានីយ៍​ទូរទស្សន៍ CNN នៅមុននេះបន្តិច​នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៦។

ថ្លែងទៅកាន់ស្ថានីយ៍ទូរទស្សន៍ CNN មេបញ្ជាការកងទ័ពជើងទឹកអាមេរិកលោកឧត្តមសេនីយ៍ Ryan Perry បានឲ្យដឹងថា ពេលវេលានៃការជួសជុលកំពុងតែត្រូវកំណត់ដោយក្រុមវិស្វករ ខណៈនាវាពិឃាត​ដ៏ទំនើប​និងមានតម្លៃថ្លៃមហិមាមួយនេះ កំពុងស្ថិតនៅក្នុងអតីត​មូលដ្ឋានទ័ពជើងទឹក Rodman ក្នុងប្រទេសប៉ាណាម៉ា ដើម្បីស្រាវជ្រាវរកមូលហេតុ​ដែលបានបង្អាក់ដំណើរ​ការរបស់វា។

គួរបញ្ជាក់ថាបញ្ហាខាងលើបានកើតឡើងនៅអំឡុងពេលដែលនាវាចម្បាំង Zumwalt កំពុងធ្វើដំណើរឆ្ពោះ​ទៅកាន់មូលដ្ឋានឈរជើងថ្មីរបស់ខ្លួននៅឯទីក្រុង San Diego ដើម្បីចូលរួមក្នុងកង​អង្គភាពទីបីនៃ​ទ័ព​ជើងទឹកអាមេរិក ដែលទទួលខុសត្រូវនៅតំបន់ជុំវិញ​មហាសមុទ្រប៉ាស៊ីហ្វិក ហើយវាត្រូវគេចាត់ទុកថា​ជានាវា​ពិឃាតដ៏ទំនើបជាងគេបំផុតលើលោក ដែលត្រូវបានផលិត​ឡើងដោយយកចិត្ត​ទុកដាក់បំផុត៕