(តេហេរ៉ង់)៖ មេដឹកនាំកំពូលអ៊ីរ៉ង់ លោក Ayatollah  Ali ​Khamenei បានព្រមានសហរដ្ឋអាមេរិកថា​ បើសិនជាការដាក់ទណ្ឌកម្មប្រឆាំងនឹងអ៊ីរ៉ង់ ឬហៅកាត់ថា ISA ត្រូវបានអនុម័ត​មែននោះ ទីក្រុងតេហេរ៉ង់ នឹងធ្វើការឆ្លើយតបឱ្យបានសក្តិសមទៅនឹងទង្វើបែបនេះ​ ដែលជាការរំលោភបំពានលើកិច្ចព្រមព្រៀង​នុយក្លេអ៊ែរអ៊ីរ៉ង់។ ប៉ុន្តែព្រមពេលជាមួយគ្នានេះ មេដឹកនាំកំពូលអ៊ីរ៉ង់មិនបានបញ្ជាក់នោះទេថាវិធានការ​ឆ្លើយតបគឺជាអ្វីឱ្យប្រាកដ ។ នេះបើតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters ​នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៤ ខែវិចិ្ឆកា ឆ្នាំ២០១៦។​

ថ្លែងនៅចំពោះមុខសមាជិកឆ្មាំបដិវត្តន៍អ៊ីរ៉ង់ លោក Ayatollah  Ali ​Khamenei​ ​បានរិះគន់ចំៗថា រដ្ឋាភិបាលអាមេរិកបច្ចុប្បន្នបានរំលោភម្ដងហើយម្ដងទៀត ទៅលើកិច្ចព្រមព្រៀងនុយ​ក្លេអ៊ែអ៊ីរ៉ង់ ជាពិសេសនោះគឺកាលពីពេលថ្មីៗនេះ សភាអាមេរិកបាននាំគ្នាអនុម័តលើការបន្តការដាក់ទណ្ឌកម្ម​រយៈពេល១០ឆ្នាំ (​ISA) ប្រឆំាងនឹងអ៊ីរ៉ង់។​ ដូច្នេះបើវាកើត​ឡើងពិតមែននោះ​អ៊ីរ៉ង់នឹងធ្វើការឆ្លើយតប ឱ្យបានសក្តិសមទៅនឹងទង្វើបែបនេះ។

គួរបញ្ជាក់ថាការដាក់ទណ្ឌកម្មប្រឆាំងនឹងអ៊ីរ៉ង់ ឬហៅកាត់ថា ISA សម្រាប់រយៈពេល១០ឆ្នាំ​ ត្រូវបានអនុម័តឡើងជាលើកដំបូងកាលពីឆ្នាំ១៩៩៦ ក្នុងគោលបំណងដាក់ទណ្ឌ​កម្មលើការវិនិ​យោគ​​នៅក្នុងឧស្សាហកម្មថាមពលអ៊ីរ៉ង់ សំដៅទប់ស្កាត់ការផលិតអាវុធនុយក្លេអ៊ែរ។ ប៉ុន្តែ ISA នឹងត្រូវអស់​សុពល​ភាពនៅចុងឆ្នាំ២០១៦ នេះក្នុងករណីមិនត្រូវបានអនុម័តសារជាថ្មី៕