(វ៉ាស៊ីនតោន)៖ អ្នកជំនាញផ្នែកខាងវិទ្យាសាស្រ្តកុំព្យូទ័រ បានទទូចឲ្យក្រុមយុទ្ធនាការឃោសនា​បោះឆ្នោតរបស់លោកស្រី ហ៊ីលឡារី គ្លីនតុន ស្នើឲ្យមានការ រាប់សន្លឹកឆ្នោតឡើងវិញនៅតាមរដ្ឋមួយ​ចំនួនរួមមាន Wisconsin, Michigan និង Pennsylvania ដែលក្នុងអំឡុងពេលបោះឆ្នោតរដ្ឋទាំងបីនេះ​ត្រូវក្រុមអ្នកវិភាគធ្វើការព្យាករណ៍ថា នឹងបានមកលើគណបក្សប្រជាធិបតេយ្យរបស់លោកស្រី គ្លីនតុន។ នេះបើតាមការចេញផ្សាយដោយស្ថានីយ៍ទូរទស្សន៍ CNN នៅមុននេះបន្តិចនារសៀលថ្ងៃពុធ ទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៦។

អ្នកឯកទេសកំពូលៗផ្នែកខាងប្រព័ន្ធកុំព្យូទ័ររបស់សហរដ្ឋអាមេរិក ជឿជាក់ថា ពួកគេបានរកឃើញនូវ​ភស្ថុតាង​ដែលអាចបង្ហាញថាចំនួនសំឡេងឆ្នោតសរុបនៅរដ្ឋធំៗ ទាំងបីនេះត្រូវបានគេកែប្រែ (Hack) ហើយពួកគេបានប្រាប់ពីដំណឹងនៃការរកឃើញថ្មីដ៏សំខាន់នេះ ទៅកាន់ជំនួយការជាន់ខ្ពស់របស់​លោកស្រី ហ៊ីលឡារី គ្លីនតុន រួចហើយ។

លោក J. Alex Halderman ប្រធានមជ្ឈមណ្ឌលសន្តិសុខកុំព្យូទ័រ នៃសកលវិទ្យាល័យ Michigan បានអះអាងថា នៅតាមបណ្តារដ្ឋដែលធ្វើការបោះឆ្នោត ដោយប្រើម៉ាស៊ីនអេឡិចត្រូនិច លោកស្រី គ្លីនតុន ទទួលបានសំឡេងឆ្នោតគាំទ្រតិចជាងរដ្ឋ ដែលបោះតាមរយៈសន្លឹកឆ្នោតក្រដាសធម្មតា ដែលប្រការនេះលោកសង្ស័យថា មានពាក់ព័ន្ធនឹងការ Hack។

សូមជំរាបថា បន្ទាប់ពីលទ្ធផលឆ្នោតត្រូវបានប្រកាសថា​ លោក ដូណាល់ ត្រាំ ជាប់ជាប្រធានាធិបតី ក្រុមគាំទ្រលោក គ្លីនតុន បានធ្វើបាតុកម្មប្រឆាំងលទ្ធផលស្ទើរ ទូទាំងសហរដ្ឋអាមេរិក ប៉ុន្តែត្រូវបានកម្លាំងប៉ូលិសរដ្ឋាភិបាលអូបាម៉ា បង្ក្រាបយ៉ាងចាស់ដៃ និងព្រៃផ្សៃ ឈានដល់ដល់បញ្ចប់ការធ្វើបាតុកម្ម ប៉ុន្តែនៅពេលនេះក្រុមអ្នក ចាញ់ឆ្នោត ទាមទារឲ្យ «រាប់សន្លឹកឆ្នោតឡើងវិញ» នៅរដ្ឋចំនួន៣ ដោយលើកឡើងហេតុផលថា ទិន្នន័យកុំព្យូទ័រត្រូវបានគេ Hack។

គួរបញ្ជាក់ដែរថា នៅមុនការបោះឆ្នោតឈានចូលមកដល់ រដ្ឋបាលលោក បារ៉ាក់ អូបាម៉ា ធ្លាប់បានចោទ​ប្រទេស​រុស្ស៊ីថា បានព្យាយាមធ្វើការវាយលុកតាមប្រព័ន្ធ អ៊ីនធឺណែតដើម្បីចូលមកបង្កភាពរាំងស្ទះ​ និងរអាក់រអួលដល់ការបោះឆ្នោតជ្រើសរើសប្រធានាធិបតីអាមេរិក ប៉ុន្តែមន្រ្តីទទួលបន្ទុករៀបចំការ​បោះឆ្នោត និងអ្នកជំនាញប្រព័ន្ធអ៊ីធឺណែតមួយចំនួន បានធានាអះអាងកាលពីដើមខែថា វាមិនអាចទៅរួច​ឡើយសម្រាប់រុស្ស៊ីក្នុងការជះឥទ្ធិពល ដល់លទ្ធផលនៃការបោះឆ្នោតរបស់អាមេរិកនោះ៕