(ម៉ុងហ្គោលី)៖ មេដឹកនាំនិមិត្តរូបនៃតំបន់ទីបេសម្ដេចសង្ឃ ដាឡៃ ឡាម៉ា បានមានបន្ទូលនៅថ្ងៃពុធ នេះថា ព្រះអង្គមានបំណងចង់បំពេញដំណើរទស្សនកិច្ចទៅកាន់សហរដ្ឋអាមេរិក ដើម្បីជួបពិភាក្សា​ជាមួយ​អនាគត ប្រធានាធិបតី​អាមេរិកថ្មី លោក ដូណាល់ ត្រាំ ដែលជាជំនួបមួយតែងតែធ្វើឱ្យរដ្ឋាភិបាលទីក្រុងប៉េកាំង ក្ដៅស្លឹកត្រចៀក។ នេះបើតាមការចុះ​ផ្សាយដោយសារ​ព័ត៌មាន Channel News Asia​ នៅរសៀលថ្ងៃពុធ ទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៦។

មានបន្ទូលនៅក្នុងឱកាសបំពេញទស្សនកិច្ចក្នុងរដ្ឋធានី អ៊ូឡាន់បាទ័រ នៃប្រទេសម៉ុងហ្គោលី សម្ដេចសង្ឃ ដាឡៃ ឡាម៉ា បានគូសបញ្ជាក់ដូច្នេះ «ខ្ញុំនៅតែចាត់ទុកថាសហរដ្ឋអាមេរិក គឺជាប្រជាជាតិ​នាំមុខគេ ខាងសេរីភាព ហើយខ្ញុំក៏នៅតែគិតដែរថា វាអាចនឹងមានបញ្ហាមួយចំនួនសម្រាប់ដំណើរទស្សនកិច្ច​របស់ខ្ញុំទៅកាន់សហរដ្ឋអាមេរិក ប៉ុន្តែខ្ញុំនឹងទៅសួរសុខទុក្ខ អនាគតប្រធានាធិបតីអាមេរិកថ្មី (លោក ដូណាល់ ត្រាំ)»។  

នៅក្នុងកែវភ្នែករដ្ឋាភិបាលទីក្រុងប៉េកាំង សម្ដេចសង្ឃដាឡៃ ឡាម៉ា គឺជាមេដឹកនាំក្រុមឧទ្ទាមផ្ដាច់ទឹកដី (តំបន់ ទីបេ) ដ៏គ្រោះថ្នាក់បំផុត។ ដូច្នេះទើបចិនតែងតែសម្ដែងការមិនពេញចិត្ត និងក្ដៅក្រហាយចំពោះ​ការទទួលស្វាគមន៍ជ័យលាភីពានរង្វាន់ណូប៊ែលសន្តិភាពអង្គនេះ។ ជាក់ស្ដែងកាលពីខែមិថុនា កន្លងទៅ ចិនបានព្រមានសហរដ្ឋអាមេរិកត្រង់ៗថា ជំនួបជាលើកទី៤ រវាងលោក អូបាម៉ា និងសម្ដេចសង្ឃ ដាឡៃ ឡាម៉ា នឹងបំផ្លាញទំនាក់ទំនងដ៏ល្អរបស់ប្រទេសទាំងពីរ។

ពាក់ព័ន្ធនឹងបញ្ហាដូចគ្នានេះដែរ ចិនក៏បានសម្ដែងការខឹងសម្បារជាខ្លំាងនឹងរដ្ឋាភិបាលម៉ុងហ្គោលី ដែលទទួលយកគំរោងទស្សនកិច្ចនៃសម្ដេចសង្ឃ ដាឡៃ ឡាម៉ា ប៉ុន្តែខាងរដ្ឋាភិបាលទីក្រុង អ៊ូឡាន់បាទ័រ អះអាងថាខ្លួនមិនបានធ្វើអ្វីឡើយពោលគឺអ្នកកាន់ព្រះពុទ្ធសាសនានៅក្នុង ប្រទេសម៉ុងហ្គោលី ទៅវិញទេ ជាអ្នករៀបចំដំណើរទស្សនកិច្ចនេះ។

គួររំលឹកថាកាលពីឆ្នាំ២០០៦ ចិនបានសម្រេចចិត្តលុបចោលជើងហោះហើរមួយរយៈពេលជាមួយនឹង ម៉ុងហ្គោលី ដោយសារតែការទទួលស្វាគមន៍សម្ដេចសង្ឃ ដាឡៃ ឡាម៉ា ប៉ុន្តែសម្រាប់លើកនេះ គេនៅមិនទាន់ដឹងទេថាតើរដ្ឋាភិបាលចិន នឹងចាត់ការបែបណាទៀតចំពោះម៉ុងហ្គោលី៕