(ហាណូយ)៖ សេដ្ឋវិទូវៀតណាមលោក Tran Hoang Ngan បានលើកឡើងថា គោលនយោបាយថ្មី​របស់លោក ដូណាល់ ត្រាំ នឹងផ្តល់គុណប្រយោជន៍យ៉ាងធំធេងមកដល់ប្រទេស​វៀតណាមពោលគឺ​ការលុបចោលនូវកិច្ចព្រមព្រៀងពាណិជ្ជកម្ម នៃភាពជាដៃគូអន្តរប៉ាស៊ីក (TPP) នឹងបើកឱកាសដ៏ទូលាយ​ឲ្យវិស័យកសិកម្មវៀតណាមរីកលូតលាស់ឡើងវិញ និងអនុញ្ញាតឲ្យវិស័យកាត់ដេរកាន់សកម្មជាងមុន​ថែមទៀត។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួរ នៅមុននេះបន្តិច​នារសៀលថ្ងៃពុធ ទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៦។

ថ្លែងនៅក្នុងបទសម្ភាសន៍ក្រៅផ្លូវការមួយជាមួយសារព័ត៌មាន Pioneer ក្នុងកិច្ចប្រជុំមហាសន្និបាត​ជាតិ​លើកទី១៤ លោក Ngan ដែលមានតួនាទីជាអនុប្រធាន​សភាជាតិផងដែរនោះ​បានសង្កត់ធ្ងន់ថា នៅក្នុងករណីដែលកិច្ចព្រមព្រៀងពាណិជ្ជកម្ម TPP ត្រូវបានផ្អាកឬលុបចោល ប្រទេសវៀតណាមនឹងមាន​ពេលវេលាគ្រប់គ្រាន់ដើម្បី​​បង្កើនសមត្ថភាពប្រកួត​ប្រជែងក្នុង​ស្រុករបស់ខ្លួន ដោយវិស័យកសិកម្មនៅក្នុង​ប្រទេសនឹងមានឱកាសគ្រប់គ្រាន់ក្នុងការធ្វើកំណែទម្រង់ ដើម្បីឈានទៅរកផលិតកម្មទ្រង់ទ្រាយធំ​និងប្រកបដោយភាពស្ទាត់ជំនាញ។

ប៉ុន្តែខណៈពេលដែល TPP អាចផ្តល់សារៈប្រយោជន៍ដល់វិស័យមួយចំនួន វាក៏បាននាំជះផលអវិជ្ជមាន​ទៅលើវិស័យដទៃៗទៀតផងដែរ តួយ៉ាងវិស័យកាត់ដេរ ដែលប្រទេសវៀតណាម​ទទួលបាន​គុណប្រយោជន៍​យ៉ាងសន្ធឹកសន្ធាប់នោះ ក៏នឹងទទួលរងផងប៉ះពាល់មួយចំនួនតូចផងដែរ។

គួរបញ្ជាក់ថានៅក្នុងសារវីដេអូខ្លីមួយលោក ត្រាំ បានសន្យាថានឹងលុប​ចោលកិច្ច​ព្រមព្រៀងនៃ​ភាពជាដៃ​គូ​អន្តរ​ប៉ាស៊ីហ្វិក TPP ដែលជាយុទ្ធសាស្ត្រសេដ្ឋកិច្ច​​មួយរបស់​លោក បារ៉ាក់ អូបាម៉ា ឆ្ពោះមកកាន់ទ្វីបអាស៊ី និងមាន ១២ប្រទេសចូលរួម នៅថ្ងៃដំបូងដែល​លោកក្លាយ​ជាប្រធានាធិបតីអាមេរិកថ្មីជាផ្លូវការ៕