(​សេអ៊ូល)​៖ មន្ត្រីយោធាជាន់ខ្ពស់កូរ៉េខាងត្បូង លោក Chang Myoung-jin បាននិយាយនៅថ្ងៃអង្គានេះថា ទីក្រុងសេអ៊ូល អាចនឹងទទួលយកសំណើ​របស់ប្រធានាធិបតី​អាមេរិកថ្មី លោក ដូណាល់ ត្រាំ​ សម្រាប់ការ​ជួយ​ចេញថ្លៃចំណាយ​ដល់កងទ័ពអាមេរិក​ជាង ២៨,០០០នាក់​ដែលកំពុងឈរ​ជើង​នៅក្នុង​ប្រទេស​​កូរ៉េ​ខាងត្បូង។ នេះបើតាមការចេញផ្សាយ​​ដោយសារព័ត៌មាន Sputnik នៅរសៀលថ្ងៃអង្គារ ទី២២ ខែវិច្ឆិកា ឆ្នាំ២០១៦។​

យោងតាមការដកស្រង់សម្ដីចុះផ្សាយលើសារព័ត៌មាន Korea Times newspaper លោក Chang Myoung-jin បានថ្លែងថា «ផ្អែកលើគោលគំនិតរបស់ខ្ញុំ បើសិនជាវោហាសាស្ត្រ​របស់ លោក​ ដូណាល់ ត្រាំ នៅអំឡុងយុទ្ធនាការឃោសនាបោះឆ្នោតគឺជាការពិតនោះមានន័យថា ដើម្បីរក្សាសម្ព័ន្ធភាពជាមួយ រដ្ឋាភិបាលអាមេរិកថ្មី កូរ៉េខាងត្បូងមិន​អាចជៀសរួចឡើយ ក្នុងការជួយចេញចេញថ្លៃចំណាយដល់​កងទ័ពអាមេរិក។ ប៉ុន្តែវាក៏ចាំបាច់ផងដែរសម្រាប់ការបង្កើនការចំណាយទៅលើការអភិវឌ្ឍបរិក្ខាយោធា និង​សមត្ថភាព​យោធាកូរ៉េខាងត្បូង ដើម្បីទប់ទល់នឹងការគំរាម​កំហែងពី​សំណាក់​កូរ៉េខាងជើង»

គួររំលឹកថានៅក្នុងអំឡុងយុទ្ធនាការឃោសនាបោះឆ្នោតលោក ដូណាល់ ត្រាំ ធ្លាប់បានអះអាងថាបើសិន ជាលោកជាប់ឆ្នោតជាប្រធានាធិបតីអាមេរិក លោកនឹងស្នើឱ្យ អាល្លឺម៉ង់ កូរ៉េខាងត្បូង និងជប៉ុន ជួយចេញថ្លៃពាក់កណ្ដាលលើការចំណាយ ដល់កងទ័ពអាមេរិកដែលកំពុងឈរជើងនៅក្នុងប្រទេស​របស់ពួកគេបើពុំដូច្នោះទេ ពួកគេត្រូវតែចេះរៀនការពារខ្លួនឯង ពីការវាយប្រហារណាមួយពីសត្រូវរបស់ខ្លួន៕