(កាលីហ្វ័រញ៉ា)៖ សមាជិកជាច្រើននាក់មកពីចលនា Yes California ដែលគំាទ្រឱ្យរដ្ឋអ្នកប្រជាធិបតេយ្យ មួយនេះមានឯករាជ្យភាពពីការគ្រប់គ្រងរបស់រដ្ឋាភិបាលទីក្រុង វ៉ាស៊ីនតោន បានស្នើដល់អាជ្ញាធរនៅក្នុង​តំបន់នូវឯកសារស្ដីពីការ​រៀបចំ ការបោះឆ្នោតប្រជាមតិដើម្បីផ្ដាច់ខ្លួន។ នេះបើតាមការចេញផ្សាយដោយ The Los Angeles Times newspaper ដែលចុះផ្សាយបន្តដោយសារព័ត៌មានរុស្ស៊ី Sputnik ​នៅរសៀលថ្ងៃអង្គារ ទី២២ ខែវិច្ឆិកា ឆ្នាំ២០១៦។

កាសែត The Los Angeles Times បានរាយការណ៍កាលពីថ្ងៃចន្ទថាក្រុមចលនា Yes California បានដាក់សំណើទៅកាន់អាជ្ញាធរនៅក្នុងតំបន់ ពាក់ព័ន្ធនឹងការ​រៀបចំការបោះឆ្នោតប្រជាមតិមួយ ឬហៅថា «Calexit» ដើម្បីកំណត់ថាតើរដ្ឋកាលីហ្វរញ៉ាគួរតែមានឯករាជ្យភាពពីទីក្រុង វ៉ាស៊ីនតោន ឬក៏យ៉ាងណា? ដោយឡែកព្រមពេលជាមួយគ្នា លោក Marcus Ruiz Evans ជាសហស្ថាបនិកនិងអនុប្រធានចលនា Yes California បានគូសបញ្ជាក់ថា «រដ្ឋកាលីហ្វ័រញ៉ា អាចនឹងក្លាយជាប្រទេសឯករាជ្យដ៏ប្រសើរមួយ​»។

ប៉ុន្តែក្រុមសកម្មជនមួយចំនួនបែរជាយល់ថា គំនិតចង់ផ្ដាច់ខ្លួននេះនឹងបង្កជាផលប៉ះពាល់ដល់ ផលប្រយោជន៍របស់រដ្ឋ ក្នុងនោះរួមមានទំាងវិស័យសេដ្ឋកិច្ច អន្តោប្រវេសន៍ សន្តិសុខ បរិស្ថាន ការអប់រំ និងវិស័យជាច្រើនផ្សេងទៀត។   

គួរបញ្ជាក់ថាបើតាមលោក​ Marcus Ruiz Evans គំនិតចង់រៀបចំការបោះឆ្នោតប្រជាមតិទាមទារ​ឯករាជ្យសម្រាប់រដ្ឋកាលីហ្វរញ៉ា បានធ្វើឡើងបន្ទាប់ពីលោក ដូណាល់​ ត្រាំ បានឈ្នះឆ្នោតក្លាយជា​ប្រធានាធិបតីសហរដ្ឋអាមេរិក កាលពីថ្ងៃទី០៨ ខែវិចិ្ឆកា កន្លងទៅនេះ ដែលក្រោយមកបានបង្កជា​អំពើហិង្សា និងការបែកបាក់គ្នាយ៉ាងខ្លាំងក្នុងសង្គមអាមេរិក៕