(វ៉ាស៊ីនតោន)៖ ក្មេងៗយ៉ាងហោចណាស់ចំនួន ១២នាក់ត្រូវបានគេរាយការណ៍ថាបានបាត់បង់ជីវិតភ្លាមៗ រួមជាមួយនិង ២៣នាក់ផ្សេងទៀតបានទទួលរងរបួសយ៉ាងដំណំ នៅក្រោយពេលដែលរថយន្តដឹក​សិស្សសាលា​មួយគ្រឿងបានបោះពួយយ៉ាងលឿនជ្រុលទៅបុកនឹង ដើមឈើមួយដើមយ៉ាងពេញទំហឹង​ដែលធ្វើឲ្យរថយន្តស្ទើរតែ ដាច់ចេញជាពីរកំណាត់ នៅក្នុងរដ្ឋ Tennessee សហរដ្ឋអាមេរិក។ នេះបើតាម​សម្តីអាជ្ញាធរប្រចាំតំបន់កើតហេតុ ដែលចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិនស៊ិនហួរ នៅមុននេះបន្តិចនាព្រឹកថ្ងៃអង្គារ ទី២២ ខែវិច្ឆិកា ឆ្នាំ២០១៦។

ប្រភពដដែលបានឲ្យដឹងថា កូនក្មេងតូចៗចំនួន ១២នាក់ត្រូវបានគេរកឃើញថាបានស្លាប់បាត់បង់ជីវិត​នៅនឹងកន្លែងកើតហេតុភ្លាមៗ ខណៈ ២៣នាក់ផ្សេងទៀត ដែលបានទទួល រងរបួសត្រូវបានបញ្ជូន​ទៅកាន់មន្ទីពេទ្យជាបន្ទាន់បន្ទាប់ពី រថយន្តដឹកសិស្សសាលាសរុបចំនួន ៣៥នាក់ដែលក្នុងចំណោមនោះ​មានទាំងសិស្សលាលាមត្តេយ្យ រហូតដល់សិស្សថ្នាក់ទី០៦ បានជ្រុលទៅបុកចំដើមឈើមួយដើម​យ៉ាងពេញទំហឹងនៅក្នុងទីក្រុង Chattanooga នៃរដ្ឋ Tennessee សហរដ្ឋអាមេរិក។

គួរបញ្ជាក់ដែរថា ករណីនេះគឺជារថយន្តដឹកសិស្សសាលាទីពីរហើយ ដែលបានជួបគ្រោះថ្នាក់ចរាចរណ៍​ក្នុងរដ្ឋ Tennessee នៅរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ដោយកាលពីថ្ងៃសៅរ៍សប្តាហ៍មុននេះ សិស្សសាលាប្រហែលជាង ១០នាក់បានទទួលរងរបួសផងដែរ បន្ទាប់ពីរថយន្តដែលដឹកពួកគេបាន​ក្រឡាប់នៅលើផ្លូវ Interstate 65 ក្នុងក្រុង Nashville៕