(ប៉េកាំង)៖ ផ្លូវរអិល និងអាប់ក្រាស់ត្រូវបានគេជឿជាក់ថា បានបង្កជាគ្រោះ​ថ្នាក់ចរាចរណ៍​ដ៏អាក្រក់​មួយ​ដែលមានការ​ចូលរួមពីរថយន្ត​ទាំងតូច​ទាំងធំចំនួន ៥៦គ្រឿង នៅតាមដងផ្លូវជំរាលភ្នំ ប៉េកាំង-គុនមីង នៃខេត្តសានស៊ី ភាគខាងកើត​ប្រទេសចិន ដែលបានឆក់យកជីវិតមនុស្ស ១៧នាក់ និងបង្ករបួសស្នាមរាប់​​សិបនាក់​ផ្សេងទៀត។ នេះបើតាម​ការផ្សាយរបស់បណ្តាញ​សារ​ព័ត៌មាន CNN នៅព្រឹកថ្ងៃអង្គារ ទី២២ ខែវិច្ឆិកា ឆ្នាំ២០១៦។

មុនគ្រោះថ្នាក់មើលមិនយល់ខាងលើនេះឡើង ក្នុងតំបន់កើតហេតុបានទទួលរងភ្លៀងធ្លាក់យ៉ាងដំណំ និងមានអ័ព្ទចុះយ៉ាងក្រាស់ក្រែលផងដែរ។ មនុស្សចំនួន ៣៧នាក់ត្រូវបានគេអះ​អាងថាបានទទួល​រង​របួសទាំងធ្ងន់ និងស្រាលដោយសារគ្រោះថ្នាក់ចរាចរណ៍ដែលបានកើតឡើង នៅថ្ងៃចន្ទដើមសប្តាហ៍ថ្មីនេះ ខណៈមូលហេតុច្បាស់លាស់ដែលបង្កជាគ្រោះថ្នាក់នេះឡើង ប៉ូលិសក្នុងតំបន់កំពុងតែបើការស៊ើបអង្កេត​នៅឡើយ។

គួរបញ្ជាក់ថាគ្រោះថ្នាក់ចរាចរណ៍គឺជាបញ្ហា​ចម្បងមួយ​ដែលប្រទេស​ចិន បាននិងកំពុងជួបប្រទះ​ជារៀងរាល់ថ្ងៃ ប៉ុន្តែសម្រាប់គ្រោះ​ថ្នាក់ធ្ងន់ធ្ងរខ្លាំង​បែបនេះ គឺកម្រនឹង​កើតមានណាស់៕