(ជប៉ុន)៖ ​ទីភ្នាក់ងារឧតុនិយមជប៉ុន បានទម្លាក់ចោលការព្រមាន​ពីរលកយក្សស៊ូណាមិ នៅឯតំបន់ឆ្នេរសមុទ្រ ហ្វូគូស៊ីម៉ា និងតំបន់មីយ៉ាហ្គី ស្ថិតនៅភាគឦសាន នៃប្រទេស ក៏ប៉ុន្តែនៅតែអំពាវនាវឱ្យប្រ​ជាជនទំាងអស់​មានការប្រុង​ប្រយ័ត្នខ្ពស់។​ នេះបើតាមការចេញផ្សាយ​របស់សារព័ត៌មាន​ជប៉ុន NHK នៅមុននេះ​បន្តិចនាព្រឹកថ្ងៃអង្គារ ទី២២ ខែវិច្ឆិកា ឆ្នាំ២០១៦។

កាលពីដំបូងឡើយទីភ្នាក់ងារឧតុនិយម បានប្រកាសពីសញ្ញាអាសន្ន នៃរលកយក្សស៊ូណាមិ បន្ទាប់ពីគ្រោះរញ្ជួយដីកំរិត​៧.៤ រ៉ិចទ័រ បានវាយប្រហារ មកលើតំបន់ឆ្នេរហ្វូគូស៊ីម៉ា នៅម៉ោងប្រមាណជា ៥៖៥៩នាទីព្រឹកមិញនេះ ខណៈរលកយក្សស៊ូណាមិកម្ពស់១.៤ម៉ែត្រ ត្រូវបានគេអង្កេត​នៅកំពង់ផែសិនដៃ នៃតំបន់មីយ៉ាហ្គី។ ដោយឡែកទន្ទឹមគ្នានោះដែរ ក្រុមអាជ្ញាធរ​បានជម្លៀស​ប្រជាជននៅក្នុងតំបន់ ទៅកាន់ទីទួលមានសុវត្ថិភាព ចំណែកឯទីភ្នាក់ងារឧតុនិយម បានទម្លាក់​ចោលការព្រមានពីរលកយក្សស៊ូណាមិ នៅក្នុងតំបន់ទំាងពីរខាងលើ នៅម៉ោងប្រមាណជា ៩៖៤៦នាទី (ម៉ោងនៅក្នុងប្រទេសជប៉ុន) ប៉ុន្តែ នៅតែអំពាវនាវឱ្យ​ប្រជាជនទំាងអស់ មានការប្រុង​ប្រយ័ត្នខ្ពស់ដដែល។

សូមជំរាបថា គ្រោះរញ្ជួយដីនេះ ដែលបង្កររំញ័រដល់ទីក្រុង តូក្យូ មានចំណុចរញ្ជួយនៅ​តាមបណ្ដាយឆ្នេរសមុទ្រ ហ្វូគូស៊ីម៉ា និងមានជំរៅរញ្ជួយ២៥គីឡូម៉ែត្រ ទៅក្នុងដី។ នេះបើតាមទីភ្នាក់ងារ​ឧតុ​និយមជប៉ុន ដែលកំពុងឃ្លំា មើលពីរលកយក្សស៊ូណាមិ បន្ទាប់ពីមានគ្រោះរញ្ជួយដីដ៏ខ្លំាងនេះ៕