(សេអ៊ូល)៖ ជីវិតនយោបាយរបស់ប្រធានាធិបតីកូរ៉េខាងត្បូង លោកស្រី ផាក គឺនហេ បានឈានដល់​តំណាក់កាលកាន់តែពិបាកហើយក្រោយក្រុមគណបក្សប្រឆំាង ជាពិសេសគឺគណបក្ស Minjoo ដែលជាបក្សប្រឆាំងធំជាងគេនៅកូរ៉េខាងត្បូង ត្រូវបានគេមើលឃើញថា កំពុងយកគំរូតាមប្រទេស​ប្រេស៊ីល ក្នុងកិច្ចដំណើរការនិតិវិធីទម្លាក់លោកស្រី ផាក ពីចេញតំណែងបន្ទាប់ពីក្រុមរដ្ឋអាជ្ញាអះអាងថា​លោកស្រីមានជាប់ពាក់ព័ន្ធនឹងរឿងអាស្រូវពុករលួយជាមួយមិត្តភក្តិឈ្មោះ ឆយ ស៊ូនស៊ីល។ នេះបើតាម​ការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានកូរ៉េខាងត្បូង យ៉ុនហាប់ នៅល្ងាចថ្ងៃចន្ទ ទី២១ ខែវិច្ឆិកា ឆ្នាំ២០១៦។

ថ្លែងនៅចំពោះសមាជិកសភានៅព្រឹកថ្ងៃចន្ទនេះ ប្រធានគណបក្សប្រឆាំង Minjoo លោកស្រី ឆូ មីអេ (Choo Mi-ae) បាននិយាយថា «ពេលវេលា និងលក្ខខណ្ឌនៃការដំណើរការនិតិវិធីទម្លាក់លោកស្រី​ប្រធានាធិបតី ផាក គឺនហេ ពីតំណែងនឹងត្រូវធ្វើឡើងក្នុងពេលឆាប់ៗនេះ ពោលបើសិនជាសភាយល់ព្រម​អនុម័តលើសំណើរបស់គណបក្សប្រឆាំង ឬក៏តុលាការធម្មនុញ្ញសម្រេចចោទប្រកាន់លោកស្រី ផាក នោះនីតិវិធីទម្លាក់លោកស្រី ផាក នឹងត្រូវប្រព្រឹត្តិទៅ»។ ទោះយ៉ាងណាក៏ដោយគណបក្សប្រឆាំងមួយនេះ កំពុងគ្រប់គ្រងអសនៈនៅក្នុងសភាតែ ៥៥ភាគរយប៉ុណ្ណោះ ឬតិចជាងពីរភាគបីនៃសំឡេងដាច់ខាត ក្នុងការទទួលបានសំឡេងគ្រប់គ្រាន់ដើម្បីទម្លាក់ លោកស្រី ផាក។

គួរបញ្ជាក់ថានៅថ្ងៃអាទិត្យម្សិលមិញ ស្រ្តីឈ្មោះ ឆយ ស៊ូនស៊ីល ដែលជាមិត្តដ៏ស្និតស្នាលម្នាក់របស់​លោកស្រី ផាក និងទីប្រឹក្សាម្នាក់ទៀតឈ្មោះលោក អាន់ ជុងប៊ុម ត្រូវបានក្រុមរដ្ឋអាជ្ញាចោទប្រកាន់ជា​ផ្លូវការ​ពីបទរំលោភលើអំណាច និងប្រព្រឹត្តអំពើពុករលួយដោយប្រើអំណាចកៀបសង្កត់ឱ្យក្រុមហ៊ុនធំៗ នៅកូរ៉េខាងត្បូងមួយចំនួនបង់ប្រាក់ ៧៧,៤ពាន់លានវ៉ុន (៦១,៨ លានអឺរ៉ូ) ដល់មូលនិធិចំនួនពីរ គ្រប់គ្រងដោយស្ត្រីឈ្មោះ ឆយ ស៊ូនស៊ីល៕