(កាប៊ុល)៖ គ្រាប់បែកមួយគ្រាប់ត្រូវបានដាក់ឲ្យផ្ទុះនៅក្នុងព្រះវិហារមួយកន្លែង នៅកណ្តាលរដ្ឋធានីកាប៊ុល នៃប្រទេសអាហ្វហ្គានីស្ថាន ក្នុងថ្ងៃចន្ទនេះបានឆក់យកជីវិតមនុស្ស ២៧នាក់ភ្លាមៗនៅហ្នឹងកន្លែងកើត​ហេតុ ខណៈមនុស្សជាង ២០នាក់ទៀតបានទទួលរងរបួស។ នេះបើតាមការចេញផ្សាយនៅមុននេះបន្តិច​ដោយសារព័ត៌មានចិនស៊ិនហួរ នារសៀលថ្ងៃចន្ទ ទី២១ ខែវិច្ឆិកា ឆ្នាំ២០១៦។

សាក្សីដែលបានឃើញហេតុការណ៍ផ្ទាល់ភ្នែកបានប្រាប់ស៊ិនហួរ យ៉ាងដូច្នេះថា «ជនសង្ស័យបានដាក់​គ្រាប់បែកឲ្យផ្ទុះនៅក្នុងព្រះវិហារមួយមានឈ្មោះថា Baqir-ul-Ulum ស្ថិតនៅតាមបណ្តោយផ្លូវ Faiz Mohammad Kateb នៃទីក្រុងកាប៊ុល ដែលជាទីសក្ការៈនៃសាសនិកអ៊ីស្លាម»។ ការបំផ្ទុះខាងលើនេះ​បានកើតឡើងនៅកណ្តាលថ្ងៃចន្ទនេះតែម្តង ម៉ោងនៅទីក្រុងកាប៊ុល។

សាក្សីបានបន្តទៀតថា មនុស្សជាង ៣០០នាក់បានស្ថិតនៅក្នុងព្រះវិហារនៅពេលគ្រាប់បែកផ្ទុះ ហើយបន្ទាប់ពីការផ្ទុះនោះមនុស្សជាច្រើននាក់បានស្លាប់ និងរបួស។ ក្នុងចំណោមអ្នករងរបួសទាំង​ជាង ២០នាក់នោះ ខ្លះមានសភាពធ្ងន់ធ្ងរខ្លាំង ហើយរហូតមកដល់ពេលនេះគេពុំទាន់ដាក់ការសង្ស័យ ឬក៏មានក្រុម​ណាមួយចេញមុខអះអាងទទួលខុសត្រូវ ចំពោះការបំផ្ទុះដ៏កក្រើកនេះឡើយ៕