(ញូដេលី)៖ អាជ្ញាធរឥណ្ឌាបានរាយការណ៍ថា មនុស្សយ៉ាងហោចណាស់៩១នាក់ បានស្លាប់នៅក្នុងហេតុការណ៍រថភ្លើងរអិលធ្លាក់ផ្លូវ នៅភាគខាងជើងនៃ រដ្ឋអ៊ូតាប្រាដែស (Uttar Pradesh) ខណៈមនុស្សច្រើនជាង១៥០នាក់ ផ្សេងទៀតបានរងបួស។ នេះបើតាមការចេញផ្សាយ ដោយ​សារព័ត៌មាន Russian Today នៅមុននេះបន្តិចនា​រសៀលថ្ងៃអាទិត្យ ទី២០ ខែវិច្ឆិកា ឆ្នាំ២០១៦។

ក្រុមអាជ្ញាធរនៅក្នុងតំបន់បានឱ្យដឹងថា គ្រោះថ្នាក់រថភ្លើងរអិលធ្លាក់ផ្លូវនេះ បានកើតឡើងនៅចំពេលអ្នកដំណើរ ភាគច្រើនកំពុងដេកលក់ អំឡុងពេលធ្វើដំណើរឆ្លងកាត់ផ្លូវរថភ្លើង Indore-Patna Express នៅម៉ោង ប្រមាណ៣៖០០នាទីទាបភ្លឺ (ម៉ោងនៅក្នុងតំបន់) នៅឯទីក្រុងកាន់ពួរ (Kanpur) នៃភាគខាងជើងរដ្ឋ អ៊ូតាប្រាដែស។ តែព្រមពេលជាមួយគ្នា មូលហេតុនៃបង្ករឱ្យមានគ្រោះថ្នាក់ពុំទាន់ត្រូវបានគេឱ្យដឹងនៅឡើយទេ។

សូមជំរាបថា គ្រោះថ្នាក់រថភ្លើងតែងតែកើតឡើងជាញឹកញាប់នៅឥណ្ឌា ជាទីដែលបរិក្ខាផ្លូវដែកមួយផ្នែកធំ ចាស់ហួសសម័យ និងមានប្រជាជនឥណ្ឌា ២៣លាននាក់ ប្រើប្រាស់មធ្យោបាយធ្វើដំណើរតាមរថភ្លើងក្នុងមួយថ្ងៃៗ៕