(មូស្គូ)៖ ក្រុមហ៊ុនស៊ើបអង្កេតផ្នែកបច្ចេកវិទ្យា Elcomsoft របស់ប្រទេសរុស្ស៊ីនាពេលថ្មីៗនេះបានរកឃើញថា បណ្តាទូរស័ព្ទ iPhone ដែលជាផលិតផលរបស់ ក្រុមហ៊ុនអាមេរិក Apple និងមានដំណើរការកម្មវិធី iCloud នឹងធ្វើការបញ្ជូនកំណត់ហេតុ នៃការហៅទូរស័ព្ទរបស់អ្នកប្រើប្រាស់ ទៅកាន់ម៉ាស៊ីនផ្ទុកទិន្នន័យធំ (Servers) ដោយមិនបានប្រាប់ឲ្យដឹងជាមុននោះឡើយ នេះបើតាមការចេញផ្សាយដោយសារព័ត៌មានរុស្ស៊ី Sputnik នៅយប់ថ្ងៃសៅរ៍ ទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៦។

បើយោងតាមក្រុមហ៊ុន Elcomsoft ព័ត៌មានដែលត្រូវបញ្ជូនទៅកាន់ម៉ាស៊ីន Servers រួមមានបញ្ជីនៃការហៅទូរស័ព្ទចេញ-ចូលនៅលើទូរស័ព្ទដៃអ្នកប្រើប្រាស់ ជាមួយនឹងលេខទូរស័ព្ទ, កាលបរិច្ឆេទ, រយៈពេលនៃការសន្ទនា ហើយជាងនេះទៅទៀតការ Call តាមរយៈកម្មវិធីមួយចំនួនដូចជា WhatsApp, Viber, Skype, និង Facetime ក៏ត្រូវបានបញ្ជូនទៅកាន់ Servers របស់ក្រុមហ៊ុន Apple ដែលនឹងធ្វើការរក្សាទុកយ៉ាងហោចណាស់ក៏ក្នុងរយៈពេល៤ខែផងដែរ។

ជុំវិញរឿងនេះលោក Vladimir Katalov នាយកប្រតិបត្តិក្រុមហ៊ុន Elcomsoft បានប្រាប់សាព័ត៌មានរុស្សី Sputnik ថា អ្នកប្រើប្រាស់ត្រូវបានគេទុក មិនឲ្យដឹងពីមុខងារនេះដោយចេតនា ព្រោះថា នៅលើទូរស័ព្ទ iPhone ពុំមានការបញ្ជាក់ឲ្យដឹងណាមួយអំពីការរក្សាទុកកំណត់ហេតុ នៃការហៅទូរស័ព្ទនៅលើកម្មវិធី iCloud នោះឡើយ ហើយលោក Katalov ក៏មិនដឹងច្បាស់ថាទង្វើវាត្រឹមត្រូវស្របច្បាប់ត្រឹមកម្រិតណានោះដែរ បើនិយាយពីបញ្ហាឯកជនភាព ដោយសារនៅក្នុងកិច្ចព្រមព្រៀងស្តីពីលក្ខខណ្ឌឯកជនភាព មិនបានលើកឡើងអំពីកំណត់ហេតុនៃការហៅទូរស័ព្ទចេញ-ចូលនោះឡើយ។

គួរបញ្ជាក់តាមលោក Vladimir Katalov ដែរថា មធ្យោបាយសម្រាប់អ្នកប្រើប្រាស់ iPhone ដែលមានបំណងចង់ការពារនូវព័ត៌មានឯកជននៅលើទូរស័ព្ទដៃ របស់ពួកគេគឺសាមញ្ញាបំផុត ដោយយើងគ្រាន់តែត្រូវបញ្ឈប់ដំណើរការនូវកម្មវិធី iCloud ជាការស្រេច៕