(មូស្គូ)៖ លោក Alexander Fomin ប្រធានសេវាកម្មសហព័ន្ធរុស្ស៊ីសម្រាប់កិច្ចសហប្រតិបត្តិការ​យោធា-បច្ចេកទេស (FSMTC) បានឲ្យដឹងនៅថ្ងៃសៅរ៍នេះថា ប្រទេសរុស្ស៊ីកំពុងរៀបចំ​បញ្ចូនយន្ត​ហោះ​​ចម្បាំង Su-35 ដែលមានសមត្ថភាពចម្រុះនិងទំនើបជាទីបំផុត ទៅឲ្យប្រទេសចិនទៅតាមកិច្ចព្រមព្រៀង ទ្វេភាគី។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មានរុស្ស៊ី Sputnik នៅមុននេះបន្តិច​នារសៀល​ថ្ងៃសៅរ៍ ទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៦។

គួរបញ្ជាក់ដែរថា កាលពីឆ្នាំ២០១៥ ប្រទេសចិន និងរុស្ស៊ីបានចុះហត្ថលេខាលើកិច្ចព្រមព្រៀង​មួយមានតម្លៃប្រមាណ ២ពាន់លានដុល្លារអាមេរិក ក្នុងបញ្ជូនយន្តហោះចម្បាំង Su-35 ចំនួន២៤គ្រឿង ដែលជាប្រភេទយន្តហោះបានមកពីការអភិវឌ្ឍ ទៅលើយន្តហោះចម្បាំងជំនាន់មុន Su-27 ដែលមានសមត្ថភាពចម្រុះក្នុងការប្រយុទ្ធ ហើយយន្តហោះចម្បាំង Su-35 ដែលផលិតឡើងដោយ​ក្រុមហ៊ុននៅក្នុងប្រទេសរុស្ស៊ីនេះ បានបង្ហាញវត្តមានឲ្យពិភពលោកបានឃើញជាលើកដំបូងបង្អស់នៅ​ក្នុងពិព័រណ៍អាកាសចរណ៍នៅឯទីក្រុងប៉ារីស កាលពីឆ្នាំ២០១៣៕