(កាប៊ុល)៖ ពួកក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម ISIS ចំនួន០៨នាក់ ដោយក្នុងចំណោមនោះមានមេបញ្ជាការ​ម្នាក់ផងដែរ បានស្លាប់បាត់បង់ជីវិតភ្លាមៗ បន្ទាប់ពីយន្តហោះគ្មាន​អ្នកបើកបរមួយគ្រឿង​បានវាយប្រហារ​តាមផ្លូវអាកាសមក​លើទីតាំងសំងំ​លាក់ខ្លួនរបស់ពួកគេ នៅឯសង្កាត់ Kot នៃខេត្ត Nangarhar ភាគខាងកើតនៃប្រទេសអាហ្វហ្គានីស្ថាន។ នេះបើតាមសម្តីអ្នក​នាំពាក្យអាជ្ញាធរ​ក្នុងតំបន់លោក Attaullah Khogiani ដែលចេញផ្សាយដោយទី​ភ្នាក់ងារព័ត៌​មានចិន ស៊ិនហួរ នៅមុននេះបន្តិចនារសៀលថ្ងៃសៅរ៍ ទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៦។

លោក Attuallah Khogiani បានអះអាងថា មេដឹកនាំកំពូលមួយរូបរបស់ក្រុម ISIS លោក Mullah Bozorg ត្រូវបានសម្លាប់រួមជា​មួយនឹងអ្នកប្រយុទ្ធ​របស់ខ្លួន​ចំនួន០៧នាក់ទៀត នៅក្នុងការ​វាយប្រហារ​​ដោយយន្តហោះគ្មានអ្នកបើកបរ (Drone) របស់កងទ័ពសហ​រដ្ឋអាមេរិក ហើយអាវុធ គ្រាប់កាំភ្លើង និងគ្រាប់បែកមួយចំនួនទៀតដែល​ជារបស់ពួកស្មោះស្ម័គ្រនឹងក្រុមភេរវករនេះ ក៏ត្រូវបានកម្ទេចទៅជាមួយ​​គ្នាផងដែរ។ ដោយឡែកក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម ISIS ពុំទាន់បានចេញមុខអធិប្បាយ ចំពោះសេចក្តីរាយការណ៍នេះនៅឡើយទេ។

គួរបញ្ជាក់ដែរថា កងកម្លាំងអាហ្វហ្គានីស្ថាននិងអាមេរិក តែងតែបានធ្វើការវាយប្រហារតាមផ្លូវអាកាស​ប្រឆាំងទៅលើពួកក្រុមភេរវករ ISIS នៅក្នុងខេត្តខាងលើ ដោយនៅពេលថ្មីៗនេះ​ការវាយលុកភាគច្រើន​ត្រូវ​បានប្រព្រឹត្ត​ទៅតាមរយៈយន្តហោះ Drone របស់សហរដ្ឋអាមេរិក​ដែលកំពុងធ្វើសកម្មភាព​យ៉ាង​សកម្មនៅក្នុងប្រទេស​អាហ្វហ្គានីស្ថាន៕