(មូស្គូ)៖ អគ្គលេខាធិការនៃអង្គការសហប្រជាជាតិលោក បាន គីមូន នៅថ្ងៃសុក្រនេះទទួលបានមេដាយ​កិត្តិយស «Legion of Honor» ដ៏ខ្ពង់ខ្ពស់ពីសំណាក់ប្រធានាធិបតីបារាំងលោក ហ្រ្វង់ស័រ ហូឡង់ សម្រាប់ការចូលរួមចំណែករបស់ប្រមុខដឹកនាំ UN រូបនេះក្នុងការដោះស្រាយបញ្ហាបប្រែបម្រួល​អាកាសធាតុនៃភពផែនដី។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នៅរសៀលថ្ងៃសៅរ៍ ទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៦។

ពិធីនៃការបំពាក់មេដាយកិត្តិយសនេះត្រូវបានប្រារព្ធឡើងក្នុងអំឡុង សន្និសីទលើកទី២២ ស្តីអំពីការ​ប្រែប្រួល​អាកាសធាតុពិភពលោកនៅឯទីក្រុង Marrakech ប្រទេស Morocco ដោយលោក ហ្រ្វង់ស័រ ហូឡង់ បានថ្លែងថាការផ្តល់ជូននូវមេដាយកិត្តិយសដ៏ខ្ពង់ខ្ពស់ «Legion of Honor» បានបង្ហាញពីការ​ពេញចិត្តរបស់បារាំង ចំពោះសកម្មភាពនានារបស់លោក បាន គីមូន នៅក្នុងឋានៈ​ជាប្រមុខដឹកនាំនៃ​អង្គការសហប្រជាជាតិ ដែលជាពិសេសនោះគឺចំពោះការចូលរួមចំណែករបស់លោក នៅក្នុងការសម្រេច​ឲ្យបាននូវកិច្ចព្រមព្រៀងសំដៅ​ដោះស្រាយបញ្ហាបម្រែបម្រួលអាកាសធាតុ។

នៅក្នុងឱកាសនោះដែរ លោកប្រធានាធិបតីនៃប្រទេសបារាំង ក៏បានលើកឡើងនូវកិច្ចខិតខំប្រឹងប្រែង​របស់លោក បាន គីមូន ដើម្បីរក្សាសន្តិភាព និងលើកកម្ពស់កិច្ចពិភាក្សារវាង​ប្រជាជាតិនានានៅ​ជុំវិញ​ពិភពលោក​ផងដែរ។ ចំណែកឯអគ្គលេខាធិការរបស់ UN ដែលជិតផុតអាណត្តិរូបនេះ​បាននិយាយថា​ការទទួល​បានមេដាយកិត្តិយសនេះ មិនមែនសម្រាប់រូបលោកផ្ទាល់តែម្នាក់ឯងនោះឡើយ គឺវាសម្រាប់​អង្គការ​សហប្រជាជាតិទាំងមូលហើយលោកពិតមានកិត្តិយស និងប្រកបទៅដោយមោទនភាព​ជាខ្លាំង។

គួរបញ្ជាក់ថាលោក បាន គីមូន បានកាន់តំណែងជាអគ្គលេខាធិការ ឬអាចហៅម៉្យាងទៀតបានថាជា ប្រមុខដឹកនាំនៃអង្គការ​សហប្រជាជាតិ (UN) អស់រយៈពេល១០ឆ្នាំ ដោយពោលគឺពីរអាណត្តិ​មកហើយ ហើយនៅថ្ងៃទី០១ ខែមករា ឆ្នាំ២០១៧ ខាងមុខនេះ លោកនឹងត្រូវជំនួស​តំណែងដោយអតីត​នាយករដ្ឋមន្រ្តី​​នៃ​ប្រទេសព័រទុយហ្គាល់លោក Antonio Guterres៕