(សេអ៊ូល)៖ អាជ្ញាធរនៃប្រទេសកូរ៉េខាងត្បូងបានធ្វើការជំទាស់ ចំពោះសំណើរបស់ក្រុមហ៊ុន​បច្ចេកវិទ្យា​ដ៏ល្បីល្បាញ​នៅលើពិភពលោក Google ក្នុងការប្រើប្រាស់ព័ត៌មាន​នៃទីតាំងភូមិសាស្រ្ត​របស់​ប្រទេស​​កូរ៉េ​ខាងត្បូង នៅលើម៉ាស៊ីនផ្ទុកទិន្នន័យមេ (Servers) នៅឯក្រៅប្រទេស ដោយសារតែមានការព្រួយ​បារម្ភ​ពី​បញ្ហាសន្តិសុខជាមួយនឹងកូរ៉េខាងជើង។ នេះបើតាមការ​សេចក្តីថ្លែងការណ៍​របស់ក្រសួងដែនដី​និងដឹក​ជញ្ជូនកូរ៉េខាងត្បូង ដែលចេញផ្សាយដោយទីភ្នាក់​ងារព័ត៌មាន Reuters នៅព្រឹកថ្ងៃសៅរ៍ ទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៦។

ក្រុមហ៊ុន Google បានអះអាងថាខ្លួនត្រូវការសិទ្ធិប្រើប្រាស់ទិន្ន័យទាំងនោះនៅលើម៉ាស៊ីន Servers ដ៏ទៃទៀតនៅជុំវិញពិភពលោក ទើបអាចដាក់ឲ្យដំណើរការនូវសេវាកម្មដែលប្រាប់ពីគោលដៅ​ធ្វើដំណើរ​នៅក្នុងប្រទេសកូរ៉េខាងត្បូងបាន។ យ៉ាងណាមិញឆ្លើយតបទៅនឹងការបដិសេធនេះ អ្នកនាំពាក្យក្រុមហ៊ុន Google លោក Taj Meadows បានថ្លែងថា «ពួកយើងមានការខក​បំណងជាខ្លាំង​ចំពោះ​ការសម្រេច​ចិត្តនេះ» ប៉ុន្តែលោក Meadows បានបញ្ជាក់ថាក្រុមហ៊ុនដ៏ធំរបស់អាមេរិកមួយនេះ នៅតែបន្តក្តីសង្ឃឹម​របស់​ខ្លួនជានិច្ចថានឹងអាចផ្តល់ជូន​ប្រជាជនកូរ៉េខាងត្បូងទាំង​អស់នូវសេវា​កម្មផែនទី «Google Maps» យ៉ាងល្អឥតខ្ចោះនាពេលអនាគត។

ដោយឡែកមន្រ្តីតំណាងក្រសួងដែនដី និងដឹកជញ្ជូនកូរ៉េខាងត្បូងបានឲ្យដឹងថារដ្ឋាភិបាលរបស់ខ្លួន អាចផ្តល់សិទ្ធិអនុញ្ញាតនេះឲ្យ Google ប្រសិនបើរូបភាពនៃទីតាំងមូលដ្ឋានយោធាសំខាន់ៗត្រូវបាន​លុបចេញ​ឬធ្វើឲ្យព្រាលមើលមិនច្បាស់ប៉ុន្តែ Google មិនព្រមទទួលយកលក្ខខណ្ឌនេះឡើយ ខណៈក្រសួងដដែលបានបញ្ជាក់ជាចុងក្រោយថា រដ្ឋាភិបាលនៃប្រទេសកូរ៉េខាងត្បូងនៅតែស្វាគមន៍​ជានិច្ចបើសិនក្រុមហ៊ុន Google សម្រេចផ្លាស់ប្តូរគោលជំហររបស់ខ្លួនវិញ។

គួរបញ្ជាក់ដែរថាសង្រ្គាមដ៏ជូរចត់រវាងកូរ៉េខាងត្បូង និងកូរ៉េខាងជើងចាប់ពីឆ្នាំ១៩៥០ ដល់ឆ្នាំ១៩៥៣ បានបញ្ចប់ទៅដោយគ្មាន​កិច្ចព្រមព្រៀងលើសន្ធិសញ្ញាសន្តិភាពណា​មួយឡើយ ហេតុដូច្នេះហើយ​ប្រហែលជាកូរ៉េខាងត្បូង​កើតមានក្តីបារម្ភខ្លាចក្រែងបើខ្លួន អនុញ្ញាតឲ្យទិន្ន័យដ៏សំខាន់បែបនេះជ្រាបចេញ​ពីក្នុងប្រទេសទៅនោះ ទីតាំងយោធាទាំងឡាយរួមជាមួយ និងកន្លែងសំខាន់ៗដ៏ទៃទៀត នឹងត្រូវលាត​ត្រដាង​យ៉ាង​ច្បាស់ដែលអាច​បណ្តាលឲ្យ កូរ៉េខាងត្បូងស្ថិតក្នុងស្ថាន​ភាពងាយនឹងរងគ្រោះថ្នាក់៕