(អាមេរិក)៖ លោក Robert Bigelow ប្រធានទីភ្នាក់ងារ Bigelow Aerospace និងជាអ្នកជំនាញផ្នែក​អវកាសមួយ​រូបដែរនោះបាននិយាយថា លោកជឿជាក់ចំពោះ​រដ្ឋបាលថ្មីរបស់លោក ដូណាល់ ត្រាំ ថានឹងអាចបង្កើនកញ្ចប់ថវិកា​ទ្វេដងសម្រាប់ទីភ្នាក់ងារអវកាសអាមេរិក NASA និងរៀបចំឡើងវិញផងដែរ​​នូវបេសកកម្មមនុស្ស​ទៅកាន់ឋានព្រះ​ច័ន្ទម្តងទៀត។ នេះបើតាមការផ្សាយ​របស់សារព័ត៌មាន Space នៅព្រឹកថ្ងៃសៅរ៍ ទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៦។

ក្រុមហ៊ុន Bigelow បានធ្វើការអះអាងថាខាងលើនេះ ក៏ជាការក្រើនរំលឹកមួយផង​ដែរចំពោះសារៈសំខាន់​នៃ​ការស្រាវជ្រាវទីអវកាស​របស់អាមេរិក ខណៈគោលនយោបាយ​របស់លោក ដូណាល់ ត្រាំ ចំពោះអង្គការ​អវកាស​ធំជាងគេនៅលើលោក NASA ចាប់តាំងពីការឃោសនាបោះឆ្នោតនោះគឺបានបង្ហាញពីភាព​វិជ្ជមាន​រួចមកហើយ ក៏ប៉ុន្តែក្រោយពីលោក ត្រាំ ជាប់ឆ្នោតនោះខាងមន្ត្រីរបស់លោក ត្រាំ មិនទាន់ធ្វើការបញ្ជាក់​អំពីគោល​នយោបាយចំពោះ NASA ឡើងវិញឡើយ។

លោក Bigelow បានលើកឡើងដូច្នេះថា «ខ្ញុំធ្វើការអំពាវនាវដោយទទូចចំពោះបញ្ហានេះ រហូតដល់ឆ្នាំ​២០១៩ ដែលថវិកាជាតិសម្រាប់អង្គការ NASA ក្នុងមួយឆ្នាំៗគួរតែត្រូវបានបង្កើន​ជា​លំ​ដាប់»។ នៅក្នុង​រដ្ឋបាលរបស់លោក បារ៉ាក់ អូបាម៉ា ចាប់ពីពាក់កណ្តាលឆ្នាំ២០១៦ ដល់ពាក់កណ្តាលឆ្នាំ២០១៧ (មួយឆ្នាំ) អង្គការ NASA បានទទួលថវិកាតែ ១៩ពាន់លានដុល្លារប៉ុណ្ណោះ ចំពោះមុខថវិកាសំណើរបស់ខ្លួន​ដែលបានដាក់ទៅកាន់រដ្ឋាភិបាលសហព័ន្ធចំនួនរហូតដល់ទៅ ៤ពាន់ពាន់លានដុល្លារឯណោះ។

គួរបញ្ជាក់ថាក្នុងរដ្ឋបាលថ្មីរបស់លោក ត្រាំ លោកបានបង្ហាញគោលជំហរ​ចង់ឲ្យអាមេរិកធ្វើការស្រាវជ្រាវ​​បន្ថែមទៀតទៅកាន់​ទីអវកាសឆ្ងាយៗពីផែនដី និងមានបំណងចង់សហការបន្ថែម​ជាលក្ខណៈ​ពាណិជ្ជកម្ម​ជាមួយនឹង​ទីភ្នាក់ងារអវកាសឯកជន។ ប្រការនេះវាគ្មានអ្វីក្រៅតែពីការបង្កើនថវិកាជាតិនោះ​ឡើយ ព្រោះថាការស្រាវជ្រាវកាន់​តែឆ្ងាយ នឹងត្រូវការការ​ចំណាយកាន់តែច្រើន៕