(នូវែលសេឡង់)៖ ក្រុមអ្នកវិទ្យាសាស្ត្រដែលតាមដានលើ គ្រោះរញ្ជួយដី​នៅនូវែលសេឡង់ បានឱ្យដឹងនៅ​ថ្ងៃសុក្រនេះថា គ្រោះរញ្ជួយដីកំរិត ៧.៨រ៉ិចទ័រ ដែលបានវាយប្រហារមកលើទីក្រុងវ៉ាលីងតោន កាលពីប៉ុន្មានថ្ងៃកន្លងទៅនេះ គឺជាគ្រោះរញ្ជួយដីដ៏ខ្លំាងមួយមិនធ្លាប់មានពីមុនមក ព្រមទំាងបានព្រមាន​ដែរថា គ្រោះរញ្ជួយដីដ៏ខ្លាំងថ្មីមួយទៀតអាចនឹងកើតឡើងនៅពេលអនាគត។ នេះបើតាមការ​ចុះផ្សាយ​ដោយសារព័ត៌មាន Channel News Asia នៅល្ងាចថ្ងៃសុក្រ ទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៦។  

ក្រុមអ្នកវិទ្យាសាស្ត្រមកពីទីភ្នាក់ងារវិទ្យាសាស្ត្រ GeoNet​ បានឱ្យដឹងថា ​គ្រោះរញ្ជួយដីកំរិត ​៧.៨រ៉ិចទ័រ បានបណ្ដាលឱ្យសណ្ឋានដីភូមិសាស្ត្រ នៅក្នុងតំបន់រងគ្រោះខ្លំាងជាងគេនៅ South Island ផ្លាស់ប្ដូរទ្រង់ទ្រាយ​ដោយបានរំកិលពីទីតាំងដើមចំងាយ១១ ម៉ែត្រ ហើយមិនតែប៉ុណ្ណោះ វាក៏បានធ្វើឱ្យដីនៅបាតសមុទ្រផុសឡើងប្រវែង ២ម៉ែត្រ លាតសន្ធឹងលើបណ្ដាឆ្នេរ១១០គីឡូម៉ែត្រ ក្នុងនោះក៏រួម​បញ្ចូលទាំងទីក្រុងទេសចរណ៍ Kaikoura ផងដែរ។

គួរបញ្ជាក់ដោយហេតុថានូវែលសេឡង់ មានទីតំាងភូមិសាស្ត្រស្ថិតនៅលើតំបន់​ងាយរងគ្រោះធម្មជាតិ ដែលជាផ្នែកមួយនៃ​តំបន់ខ្សែក្រវ៉ាត់ភ្នំភ្លើង ដូច្នេះប្រទេសមួយនេះ​ត្រូវជួបប្រទះគ្រោះរញ្ជួយដីតូចធំ​យ៉ាងហោច​ណាស់ ១៥,០០០ដងក្នុងមួយឆ្នាំ ជាក់ស្ដែងដូចជាគ្រោះ​រញ្ជួយដីកំរិត ៧.៨ រ៉ិចទ័រកាលពីថ្ងៃចន្ទ ដែលបានសម្លាប់​មនុស្សពីរនាក់ និងបង្កជាការខូតខាតដ៏ធ្ងន់​ដល់ប្រព័ន្ធ​ហេដ្ឋារចនាសម្ព័ន្ធ៕